(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់កងកម្លាំងយោធា។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមឋានានុក្រម និងការគោរពបាននូវវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធពល ខេមរភូមិន្ទ ដោយមិនមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់កងទ័ព និងលក្ខន្តិកៈបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្នុងនោះក្នុងជួរកងទ័ពបើមានយោធិនណាម្នាក់ ពាក់ព័ន្ធក្នុងកាប្រើប្រាស់ ឬពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវលុបឈ្មោះ និងបណ្ដេញចេញពីក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទជាបន្ទាន់​ និង​ទទួល​ទោស​តាម​ច្បាប់​ជាធរមាន​ ហើយយោធិនគ្រប់រូបត្រូវ បង្កើនចំណេះដឹង ដោយត្រូវហ្វឹកហ្វឺនពង្រឹងកាយសម្បទា សមត្ថភាពរបស់កងកម្លាំង ពង្រឹងវិន័យសេចក្តីថ្លៃថ្នូរ និងចូលរួមក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

យោធិនគ្រប់រូបចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រជាជន និងប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍ និងបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីឱ្យទទួលបានជោគជ័យ៕