(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រោមឱវាទ ក្នុងពេលកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានវត្តមានរបស់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក គ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរទាំង២៥រាជធានី-ខេត្ត បានចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធនិមិត្ត (Zoom Meeting) ផង។

ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ជូនអង្គប្រជុំនូវចំណុចដូចខាងក្រោម៖

* ត្រូវពន្លឿនការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥។

* បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគមនាគមន៍ជនបទ ដោយផ្អែកតាមអភិក្រមស្តារនិងពង្រឹងគុណភាព៧០% និងស្ថាបនាពង្រីកផ្លូវថ្មីក្នុងអាត្រា៣០%។

* ត្រូវពិនិត្យលើតួនាទីភារកិច្ចរបស់មន្រ្ដី និងរបស់ក្រសួង ព្រមទាំងគ្រប់អង្គភាពចំណុះក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

* ត្រូវបន្ដលើកម្ពស់ជីវិតរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរ ដោយការរៀបចំផែនការដោយមានសូចនាករច្បាស់លាស់ ពិសេសពង្រឹងការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត, ការអភិវឌ្ឍភូមិគំរូ និងការងារឥណទានជនបទឱ្យចំគោលដៅ និងមុខសញ្ញាច្បាស់លាស់។

* ត្រូវពង្រឹងការអនុវត្តការងារដោយគោរពវិន័យ បទបញ្ជាផ្ទៃក្នុងអង្គភាព វិន័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវ៕