(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានសហការគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចុះរៀបចំប្រជុំផ្សព្វផ្សាយពីខ្លឹមសារ នៃលិខិតធានាពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងលោក លុន ឆេងកៃ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងសិក្ខាកាម ជាអភិបាលខណ្ឌ អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌទាំង១២ និងចៅសង្កាត់។

ក្នុងគោលបំណងធានាដល់សិទ្ធិ ក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ខ្លួន បានបាត់ ឬខូច និងដើម្បីធានាឲ្យការបំពេញបែបបទស្នើសុំ និងការចេញឯកសារបញ្ជាក់ អត្តសញ្ញាណជូនដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានគណនេយ្យភាព និងតម្លាភាពនោះ ក្រសួងមហាផ្ទៃ និងគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការណែនាំអំពីនីតិវិធី បែបបទ ដល់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ និងមន្រ្តីពាក់ព័ន្ធ បង្កើនការផ្សពផ្សាយឲ្យបានទូលំទូលាយ តាមពេលវេលានៃការចុះឈ្មោះបោះ ឬការបោះឆ្នោតឆ្នាំ២០១៧។

យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោហើយ ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដើម្បីបោះឆ្នោត អាជ្ញាធរឃុំ សង្កាត់ និងគណ:កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវអនុញ្ញាត ឲ្យចេញឯកសារបញ្ជាក់ អត្តសញ្ញាណតាមការស្នើសុំជូនប្រជាពលរដ្ឋ។

ការចេញឯកសារបញ្ជាក់អត្តសញ្ញាណនេះ សម្រាប់បម្រើឲ្យតែការចុះឈ្មោះបោះឆ្នោត និងការបោះ ឆ្នោតឆ្នាំ២០១៧ប៉ុណ្ណោះ ដែលឯកសារផលិតដោយ គ.ជ.ប ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង់ ត្រាប់ស្តាប់វាគ្មិនពន្យល់ពីនីតិវិធី នៃបែបបទក្នុងការបញ្ជាក់ ទីលំនៅជូនដល់ពលរដ្ឋខ្មែរ ដើម្បីមានសិទ្ឋិក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នាឆ្នាំ២០១៧នេះ បានដោយរលូន និងតម្លាភាព៕