(ភ្នំពេញ)៖ បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតដោយកូវីដ១៩។
លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍ពីសកម្មភាព និងកិច្ចសហការយ៉ាងល្អ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជនស្វែងយល់ពីបញ្ហាគ្រឿងញៀន។
ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ កោតសសើរ ថ្លែងដល់កិច្ចខំរៀបចំបាននូវបណ្ណាល័យ និងអរគុណដល់ភាគីមិត្តចិន ដែលផ្តល់អំណោយរៀបចំបាននូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាការអទិភាព ដើម្បីបញ្ចូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជន កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន «យុវជនល្អមានសមត្ថភាព ប្រទេសអភិវឌ្ឍន៍លឿន»។
លោក ចាង ឈាង (Mr.CHANG JIAN) អនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «យុវជនខ្លាំង ប្រទេសខ្លាំង» ដូច្នេះត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដើម្បីឲ្យពួកគាត់ជៀសចាកផុតពីបញ្ហាគ្រឿងញៀន ហើយលោកជឿជាក់ថា សាធារណជន អាចធ្វេីការងារស្រាវជ្រាវ ដើម្បីយល់ដឹងហេីយជៀសចាកផុតពីបញ្ហាគ្រឿងញៀន។
បើតាមលោក ចាង ឈាង, ចិនបន្តអនុវត្តគោលការណ៍ ជួយគ្នាទៅវិញទៅមក និងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាមិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៃទម្រង់មិត្តភាពត្បូងពេជ្រ។
ក្នុងឱកាសនោះ លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ថ្លែងកោតសសើរ និងអរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជាធ្វើឲ្យកម្ពុជា-ចិន មានពន្លឺរស្មីឆោមព៌ណដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា។
លោកបានអះអាងថា បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ពិតជាថ្នាលពង្រឹងចំណេះដឹងចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយបានបញ្ហាបង្កឡេីងដោយគ្រឿងញៀន ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជា៕