(បាត់ដំបង)៖ តាមរយៈចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការបញ្ចេញផ្សែងពុលបរិស្ថានពីសំណាក់ក្រសួងស្ថាប័ន និងអង្គការដៃគូផ្នែកបរិស្ថាន សម្រាប់មូលដ្ឋានខេត្តបាត់ដំបង មានសិប្បកម្ម​ខ្នាត​តូច ​និង​មធ្យម​ បាន​ចូលរួម​អនុវត្ត​គម្រោង​ថែរក្សា​បរិស្ថាន អនាម័យ​ចំណីអាហារ និងការ​ប្រែប្រួល​អាកាសធាតុ​របស់​ក្រសួងបរិស្ថាន​ ដែល​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាល​។

សម្រាប់ក្រសួងបរិស្ថាន បានខិតខំសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគម្រោងនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះមានទាំងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមសហគមន៍ដើម្បីកាត់បន្ថយការដាក់សម្ពាធទៅលើបរិស្ថាន ជាដើម។

បើតាមលោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សាហកម្មសិប្បកម្ម ខេត្តបាត់ដំបង បានឱ្យដឹងថា សិប្បកម្មធុនតូច និងមធ្យមមួយចំនួននៅខេត្តបាត់ដំបង បានចាប់ផ្តើមអនុវត្តគម្រោងថែរក្សាបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា និងផលប៉ះពាល់ទៅផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។

លោក កើង សុខខេង បានបញ្ជាក់ថា សិប្បកម្មខ្នាតតូចនិងមធ្យមចំនួន៧ ក្នុងចំណោមសិប្បកម្មខ្នាតតូច និងមធ្យម ចំនួន៩០០កន្លែង នៅក្នុងខេត្តបាត់ដំបង បានអនុវត្តនូវគម្រោងថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និងការប្រែប្រួលអាកាសធាតុបានយ៉ាងជោគជ័យ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរស្វែងយល់ពីការអនុវត្តឧស្សាហកម្មបៃតងដែលរៀបចំដោយក្រសួងបរិស្ថាន នាឱកាសនៃយុទ្ធនាការលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកសារព័ត៌មាន នៅក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែធ្នូ លោក កើង សុខខេង បានអះអាងថា សិប្បកម្មដែលចូលរួមគម្រោងថែរក្សាបរិស្ថាន គឺពួកគេចូលរួមអនុវត្តកាត់បន្ថយការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ក៏ដូចជាការបំភាយផ្សែង ឬឧស្ម័ន តាមការតម្រូវរបស់ក្រសួងបរិស្ថាន។

មន្ត្រីរូបនេះ បានគូសញ្ជាក់ថា៖ «ក្រសួងបរិស្ថាន បានចូលរួម និងលើកទឹកចិត្តឱ្យម្ចាស់សិប្បកម្ម និងសហគ្រាស អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើប្រព័ន្ធបង្ហូរទឹកសំណល់។ ចំពោះការធ្វើប្រព័ន្ធលូបង្ហូរទឹកសំណល់នេះ គឺជាការចូលរួមចំណែកក្នុងការការពារការប្រែប្រួលអាកាសធាតុ។ ពិសេសជាងនេះ បានជួយផងដែរផ្នែកបរិយាកាសកន្លែងការងារគឺបរិស្ថានក៏ល្អ ផ្តល់សុខភាពដល់កម្មករបម្រើការងារ និងអ្នករស់នៅជុំវិញ ព្រមទាំងផ្តល់ផលល្អដល់គុណភាពចំណីអាហារ»

លោកស្រី វង សុកយ៉េម ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកម្ទេស ដែលមានស្លាកសញ្ញា «សិប្បកម្មត្រីមាស» ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានឱ្យដឹងថា អ្នកស្រីបង្កើតសិប្បកម្មត្រីមាសក្នុងឆ្នាំ២០០៩ ដែលជាការជួយរបស់គម្រោងមូលនិធិសម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយភាពក្រីក្រ និងជនចំណាកស្រុក។ តាមរយៈគម្រោងមួយនេះ បានអនុវត្តនូវបរិស្ថានស្អាតល្អ និងជួយក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា តាំងពីការកសាងខ្សែសង្វាក់ផលិតកម្មជាច្រើន ដើម្បីចូលរួមថែរក្សាអនាម័យស្អាតល្អ ការពារបរិស្ថាន និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលក្នុង នោះមានដូចជា៖ ការរៀបចំប្រព័ន្ធលូបង្ហូរកាកសំណល់ ការកសាងបំពង់បញ្ចេញផ្សែងដើម្បីបំបាត់ក្លិនស្អុយដល់អ្នករស់នៅក្បែរខាង ការកាត់បន្ថយការប្រើប្រាស់អុស ដោយងាកមកប្រើប្រាស់ឡចំហាយលើដំណើរការសង្វាក់ផលិតកម្ម និងការអនុវត្តសកម្មភាពផ្សេងៗទៀតដែលពុំមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកបរិស្ថាន។

ឆ្លងកាត់បទពិសោធន៍ក្នុងការគ្រប់គ្រង​សិប្បកម្មទឹកត្រីជាង១៥ឆ្នាំ ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកស្រីបានកសាងនូវខ្សែចង្វាក់ផលិតកម្មជាច្រើន ដើម្បីចូលរួមថែរក្សាអនាម័យស្អាតល្អ ការពារបរិស្ថាន និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក្នុងនោះការរៀបចំប្រព័ន្ធលូកាកសំណល់ ការកសាងបំពងបញ្ចេញឧស្ម័នផ្សេង ដើម្បីបំបាត់ក្លិនស្អុយដល់អ្នកជិតខាង។ ក្រៅពីនេះ រៀបចំឡងចំហាយចំនួសចង្ក្រាន្តបែបបុរាណ ដោយបានចូលរួមកាត់បន្ថយការប្រើប្រាស់អុស និងក្លិនផ្សែងដែលធ្វើឱ្យដំណើរចង្វាក់ការងារស្អាត និងទទួលបានប្រសិទ្ធភាពខ្ពស់។។

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានជិត៣០នាក់ មកពី២៥ ស្ថាប័ន នៅរាជធានីភ្នំពេញ បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសមិទ្ធផល ដែលសម្រេចបានពីគម្រោង CCCA3 ក្រសួងបរិស្ថាន ពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងសកម្មភាពកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ សំដៅចូលរួមក្នុងកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនជាដើម៕