(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តែត្រូវអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា មូលហេតុដែលលោកបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ រឹតបន្ដឹងច្បាប់ចរាចរណ៍ដោយសាររយៈពេលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានកំណើនឡើងវិញ ហើយពិសេសនៅពេលយប់ ដោយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ខណៈជនបង្កតែងតែព្យាយាមគេចវេសពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវចំពោះមុខច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំយ៉ាងដូច្នេះថា «ការិយាល័យជំនាញពាក់ព័ន្ធ និងកម្លាំងជំនាញអធិការខណ្ឌទាំង១៤ ត្រូវពង្រឹងកម្លាំង និងជំនាញចរាចរណ៍ ត្រូវដើរតួនាទីឲ្យមានប្រសិទ្ធភាព ដើម្បីរកវិធីកាត់បន្ថយការគ្រោះថ្នាក់ និងរឹតបន្តឹងវិន័យ សីលធម៌របស់សមត្ថកិច្ច ក្នុងការចុះអនុវត្តច្បាប់! ជាពិសេស ក្នុងករណីបើមានគ្រោះថ្នាក់ខាងលើនេះ កើតឡើងបើមានអ្នកបង្កព្យាយាមរត់គេចជំនាញ ត្រូវស្រាជ្រាវតាមឃាត់ចាប់យកមកអនុវត្តច្បាប់តឹងរឹងបំផុត»

ជាមួយគ្នានេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតទាំងការបើកបរពេលថ្ងៃ និងពេលយប់។ បន្ថែមពីនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែទាបបំផុត ជៀសវាងនូវការរងគ្រោះថ្នាក់របួស ពិការ បាត់បង់អាយុជីវិត និងខូចខាតមធ្យោបាយសម្ភារៈ។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ពិសេសនៅពេលរាត្រី ដែលភាគច្រើននៃការគ្រោះថ្នាក់គឺមានស្ថានភាពធ្ងន់ធ្ងរ ខណៈជនបង្កតែងតែព្យាយាមគេចវេសមិនទទួលខុសត្រូវចំពោះមុខច្បាប់៕