(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ចាប់ខ្លួនបានជនសង្ស័យ៣នាក់ ដោយម្នាក់បានធ្វើសកម្មភាពលួចសម្ភារជនបរទេស និង២នាក់ទៀតជាមុខសញ្ញា ចែកចាយគ្រឿងញៀន ព្រមទាំងដកហូតបានថ្នាំ២៧កញ្ចប់ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រាប់ Fresh News ឲ្យដឹងថា ករណីទី១-កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ លេន ត្រេន ហៅអាបាក់ អាយុ២៦ឆ្នាំ នៅឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ដែលបានធ្វើសកម្មភាពលួចសម្ភារជនបរទេស ក្រោយមកដកហូតបាន កាបូបដៃមួយ ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារផ្សេងទៀត ហើយបានប្រគល់ជូនម្ចាស់ដើមវិញ។
លោកឧត្តមសេនីយ៍ស្នងការ បន្ដថា ករណីទី២-កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម នៅចំណុចភូមិ៥ សង្កាត់៤ ដោយទី១-ឈ្មោះ វិញ វណ្ណចិត្រា អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ មាស សាវុធ អាយុ២៣ឆ្នាំ ដកហូតបានថ្នាំញៀន២៧កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន១ផងដែរ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ចូលខ្លួនទៅការិយាល័យជំនាញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕