(ភ្នំពេញ)៖ ​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីចប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រតិភូជាតិនិងអន្តរជាតិជាង៤០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។

មហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីចប្រចាំឆ្នាំ២០២៤ សហការរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា ​ នៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។ ​

​ក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីចប្រចាំឆ្នាំ២០២៤នេះ JCI និងសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងជួយបង្កើនសេដ្ឋកិច្ចជាតិបានប្រមាណជាង៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅក្នុងខេត្តប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។ បន្ថែមពីនេះ JCI កម្ពុជាក៏នឹងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដល់បណ្តាប្រតិភូអន្តរជាតិទាំងអស់ផងដែរ។

លោក សុខ សប្បាយណា តំណាងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្នុងនាមជាសហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំនូវមហាសន្និបាទនេះ ដែលកម្ពុជាមានបំណងចង់រៀបចំជាយូរហើយ ហើយបានក្លាយជាការពិត។

លោកលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាសំខាន់ណាស់ ដែលនាំអ្នកធុរកិច្ច និងភ្ញៀវទេសចរណ៍ជាច្រើនឱ្យមកស្គាល់កម្ពុជា។ លោករំពឹងអ្នក អ្នកធុរកិច្ច និងភ្ញៀវទេសចរណ៍បន្ទាប់ពីបានស្គាល់កម្ពុជា នឹងជំរុញឱ្យពួកគេវិលមកកម្ពុជាម្តងទៀត។

លោកបន្ថែមថា «នេះគឺជាកម្មវិធីដ៏ល្អមួយដែលមិនត្រឹមតែផ្តល់ចំណូលចូលទេ ថែមទាំងនាំទេសចរណ៍ ទាំងវប្បធម៌ កេរ្តិ៍កម្ពុជាទៅស្រុកក្រៅ និងទាំងការនាំអ្នកវិនិយោគមកកម្ពុជា»។

បច្ចុប្បន្ននេះក្រុមការងារ ក៏បានកំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឲ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ការផលិតវិដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា។

លោក ឈឹម ប៊ុនឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៣​ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានការចាប់អារម្មណ៍ពីបណ្តាប្រទេសជាច្រើន និងបានចុះឈ្មោះចូលរួមជាបន្តបន្ទាប់។ ហេតុនេះហើយលោកស្នើរាជរដ្ឋាភិបាលជួយសម្រួលផ្តល់ភាពងាយស្រួលដល់ការសុំទិដ្ឋការពីអ្នកចូលរួមពីបណ្តាប្រទេសនានា បង្កើនការផ្សព្វផ្សាយ និងការរក្សាសណ្តាប់ធ្នាប់សន្តិសុខឱ្យកាន់តែប្រសើរ​ ព្រមទាំងស្នើភាគីពាក់ព័ន្ធជួយលើផ្នែករដ្ឋបាលលផ្សេងៗផងដែរ។

កញ្ញា ដែក ដារី ប្រធានគណៈកម្មាការនៃការរៀបចំមហាសន្និបាទតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ៗដែលរៀ​បចំក្នុងមហាសន្និបាតចំនួន៣ថ្ងៃនេះ រួមមានកម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ​ការតាំងពិព័រណ៍អន្តរជាតិ ព្រមទាំងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា​ ដែលជាឱកាសមួយដ៏ល្អសម្រាប់ការធ្វើពាណិជ្ជកម្ម និងក្រៅស្រុក, កម្មវិធីផ្លាស់ប្តូរវប្បធម៌របស់ប្រទេសជាង១០ , និងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ យុទ្ធសាស្រ្តទំនាក់ទំនង និងសហភាពគ្រិនជាដើម ដល់សមាជិកJCI នៅទូទាំងពិភពលោក​។

សន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជអន្តរជាតិដែលមានសមាជិកជាង១២០ប្រទេស ត្រូវបានកំណត់ឲ្យរៀបចំមួយឆ្នាំម្តង ដែលប្រទេសជាសមាជិកត្រូវបង្ហាញពីសមិទ្ធផល និងដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជារយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះនឹងអនុញ្ញាតិឲ្យកម្ពុជាមានឱកាសក្នុងការផ្សព្វផ្សាយ តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណី នៃប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់អោយកាន់តែច្បាស់ផងដែរ​៕