(ភ្នំពេញ)៖ កម្មវិធីសំណេរអង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈអ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីកំពុងអំពាវនាវស្វែងរកជំនួយឧបត្ថម្ភបន្ថែម ទាំងថវិកា សម្ភារៈ និងក្រុមការងារស្ម័គ្រចិត្ត ដើម្បីប្រើប្រាស់ក្នុងដំណើរការកម្មវិធីដ៏មានសារសំខាន់នេះ។
គួរជម្រាបថា កម្មវិធីសំណេរអង្គរ នឹងប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី។
លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះគឺពឹងផ្អែកទៅលើជំនួយរបស់សប្បុរសជនទាំងស្រុង ពិសេសអ្នកស្រឡាញ់វិស័យអក្សរសាស្ត្រជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន មហាជន និងប្រជាពលរដ្ឋទូទៅ ប៉ុន្តែចំនួនថវិកាទាំងនោះនៅមិនទាន់គ្រប់គ្រាន់ក្នុងការរៀបចំកម្មវិធីទាំងមូលនៅឡើយទេ។ ម្យ៉ាងទៀត កម្មវិធីក៏នៅត្រូវការអាវយឺតសម្រាប់ផ្ដល់ជូនឱ្យបេក្ខជនដែលចូលរួមប្រកួតទាំងអស់គ្នាក្នុងពេលចូលរួមប្រកួតនោះ។ លោកថា កម្មវិធីអាចទទួលអ្នកចូលរួមប្រកួតច្រើនបំផុតប្រមាណ១,០០០នាក់។
លោក លីម ប៊ុនហុក បានបន្តថា កម្មវិធីក៏ត្រូវការសប្បុរសជនចូលរួមឧបត្ថម្ភជាសម្ភារៈ វត្ថុអនុស្សាវរីយ៍ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់បេក្ខជន និងម្ចាស់ជ័យលាភីដែលចូលរួមក្នុងការប្រកួតសរសេរតាមអានអក្សរខ្មែរ។
ចំពោះក្រុមការងារស្ម័គ្រចិត្ត ក៏កម្មវិធីត្រូវការចាំបាច់ផងដែរ ដើម្បីជួយរៀបចំដំណើរការកម្មវិធីប្រកួតនៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្តនោះ។ នេះបើតាមការបន្ថែមរបស់លោក លីម ប៊ុនហុក។
លោក លីម ប៊ុនហុក បានបញ្ជាក់ថា រាល់ការឧបត្ថម្ភក្នុងកម្មវិធីនេះ សប្បុរសជនអាចឧបត្ថម្ភតាមរយៈគណនីធនាគារ ABA៖
* ដុល្លារ៖ 723 823 923
* រៀល៖ 012 98 23 23
* ឈ្មោះ៖ KhmerDictation
* ឬទំនាក់ទំនងតាមតេឡេក្រាមលេខ 012 98 23 23
សូមបញ្ជាក់បន្ថែមថា កម្មវិធីសំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ដែលលោក លីម ប៊ុនហុក ចង់បំផុសឱ្យកម្មវិធីនេះក្លាយជាចលនាជាតិតទៅមុខទៀត ដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរ ផ្ដល់ភាពត្រឹមត្រូវសម្រាប់កូនចៅជំនាន់ក្រោយ។
ដោយឡែក សម្រាប់ការចុះឈ្មោះចូលរួមប្រកួតធ្វើឡើងតាមរយៈតេឡេក្រាមលេខ 092 337 626 ដោយភ្ជាប់ជាមួយលក្ខខណ្ឌងាយៗ៖
* ប្រសិនបើជាសិស្សឬនិស្សិត សូមភ្ជាប់ជាមួយបណ្ណសម្គាល់អត្តសញ្ញាណសិស្សឬនិស្សិត (កាតសិស្ស)។
* ប្រសិនបើជាប្រជាពលរដ្ឋទូទៅ សូមភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
* សម្រាប់ជនបរទេសសូមភ្ជាប់ជាមួយលិខិតឆ្លងដែន។
ចំពោះអ្នកដែលចង់ចូលរួមប្រកួតសូមរួសរាន់ចុះឈ្មោះតាមតេឡេក្រាមខាងលើ ពីព្រោះការទទួលការចុះឈ្មោះ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣៕