(ភ្នំពេញ)៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនវេរលុយ ដាក់លុយ ដកលុយ បង់វិក្កយបត្រ បើកប្រាក់បៀរវត្ស និងបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដ៏ល្បីល្បាញ មកទល់នឹងពេលនេះ មានដៃគូសហការប្រមាណ២៦ នៅកម្ពុជា បានកំពុងតែពង្រីកវិសាលភាពកាន់ខ្លាំងបន្ថែមទៀត ដោយពេលនេះ បានចុះកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ លើសេវាបង់វិក្កយបត្រ ជាមួយនឹងក្រុមហ៊ុន KOSIGN ជាក្រុមហ៊ុន Bille និងជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Webcash ដែលលំដាប់លេខ១ ផ្នែក Fintech នៅសាធារណៈរដ្ឋកូរ៉េ។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នាសណ្ឋាគារ ភ្នំពេញ ក្រុមហ៊ុនទាំងពីរនេះ នឹង បង្កើនភាពងាយស្រួលក្នុងការបង់វិក្កយបត្រ កាន់តែទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា ។
លោក គង់ មាន នាយកគ្រប់គ្រាងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នី បានថ្លែងថា «សេវាកម្មនេះ នឹងផ្ដល់ភាពងាយស្រួលដល់ Billers ក៏ដូចជាអតិថិជន របស់ពួកគាត់ ដោយសម្រាប់ Billers ពួកគាត់អាចបង្កើតវិក្កយបត្រ និងគ្រប់គ្រងការបង់វិក្កយបត្រ ដោយខ្លួនគាត់ផ្ទាល់តាមរយៈ Web Platform ដែល KOSIGN បានផ្ដល់ឲ្យ តាមរយៈការប្រើប្រាស់ Platform នេះ គាត់នឹងកាត់បន្ថយភាពភ័ន្តច្រឡំ ភាពច្រំដែល ការចំណាយផ្សេងៗ ក៏ដូចជាកាត់បន្ថយពេលវេលាផងដែរ»។
លោកបន្ដថា សម្រាប់អតិថិជនរបស់ Billers ពួកគាត់មិនចាំបាច់ចំណាយពេល ទៅបង់វិក្កយបត្រដល់ទីតាំងផ្ទាល់នោះទេ ហើយម្យ៉ាងវិញទៀត ភ្នាក់ងារទ្រូម៉ាន់នី ក៏មានស្ទើរគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជា ជាហេតុដែលពួកគាត់អាចបង់វិក្កយបត្រ បានយ៉ាងងាយស្រួលជាទីបំផុត។
លោក Jung Tae Sung នាយកប្រតិបត្តិក្រុមហ៊ុន KOSIGN បានលើកឡើងផងដែរថា ការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី រាល់អតិថិជននៃ Biller របស់ ក្រុមហ៊ុន KOSIGN នឹងអាចធ្វើការបង់វិក័យបត្ររបស់ខ្លួន តាមរយៈភ្នាក់ងារ True Money នៅទូទំាងប្រទេសកម្ពុជា។
លោកបន្ដថា «ខ្ញុំរំពឹងថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ យើងនឹងទទួលបានគាំទ្រខ្ពស់ពីអតិថិជនកម្ពុជា ដោយកន្លងមកសេវាកម្មមួយនេះបានទទួលជោគជ័យខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ក្នុងមួយថ្ងៃ ប្រតិបត្តិការមានជាច្រើនលាន) ពួកយើងគិតថា ភាពជោគជ័យនេះ ក៏អាចកើតមាននៅក្នុងប្រទេសកម្ពុជាដែរ ស្របពេលដែលវិស័យ Fintech នៅកម្ពុជាកំពុងតែ លូតលាស់ នោះប្រជាជននឹងជ្រើសរើសការបង់ដោយជាមួយនឹងសេវាកម្មរបស់ក្រុមហ៊ុនយើង។ ជំហ៊ានបន្ទាប់របស់ពួកយើង គឺធ្វើកិច្ចសហប្រតិបត្តិការ ទៅលើសេវាកម្មគ្រប់គ្រងប្រាក់បៀវត្ស និងសេវាកម្មបង់ប្រាក់ Online និង Offline។ សម្រាប់សេវាកម្ម គ្រប់គ្រងប្រាក់បៀវត្សន៍ ក្រុមហ៊ុនទាំងពីរគ្រោងនឹងចាប់ផ្ដើម ដំណើរការនាពេលឆាប់ៗខាងមុខនេះ»។
គួរបញ្ជាក់ថាក្រុមហ៊ុន KOSIGN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Webcash ជាក្រុមហ៊ុនលំដាប់លេខ១ ផ្នែកFintech នៅសាធារណៈរដ្ឋកូរ៉េ សម្រាប់នៅកម្ពុជា KOSIGN ផ្ដល់សេវាកម្មលើផ្នែក Fintech ដែលមានដូចជាសេវាកម្មជួលម៉ាស៊ីន ATM/BDM, សេវាកម្ម Multi-Banking, សេវាកម្មបង់វិក្កយបត្រ, សេវាកម្មគ្រប់គ្រងប្រាក់បៀវត្ស និងសេវាកម្មផ្នែក Fintech ជាច្រើនទៀត ហើយក្រុមហ៊ុន KOSIGN ក៏មានធ្វើសេវាកម្ម Outsourcing ពីសាធារណៈរដ្ឋកូរ៉េ៕