Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ផ្ទុះគ្រាប់បែកបីគ្រាប់ នៅភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់​និងរបួស ៣១នាក់

24-08-2016 09:57

(បាងកក)៖ មនុស្សម្នាក់បានស្លាប់ និង ៣០នាក់ទៀតរងរបួស បន្ទាប់ពីគ្រាប់បែកបីគ្រាប់បានផ្ទុះនៅខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ ដែលបានកើតឡើង តែរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅតំបន់ទេសចរណ៍ល្បីៗនៅភាគខាងត្បូងដូចគ្នា ដែលបានសម្លាប់មនុស្ស ០៤នាក់ និងបង្ករបួសរាប់សិបនាក់ទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

ការបំផ្ទុះលើកទីមួយបានកើតឡើងនៅម៉ោង ១០៖៤០នាទីយប់ ម៉ោងនៅទីក្រុងភាគខាងត្បូងថៃ ដែលស្ថិតនៅក្នុងក្លឹប មួយក្រោយសណ្ឋាគារ Southern ប៉ុន្តែមិនមានមនុស្សស្លាប់ ឬរងរបួសនោះទេ។ ដោយឡែកគ្រាប់បែកទីពីរ បានផ្ទុះនៅជិតរថយន្តឈ្នូលដឹកអ្នកដំណើរមួយគ្រឿង កាលពីវេលាម៉ោង ១១៖០០នាទីយប់ថ្ងៃអង្គារដដែល នាំឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស ៣០នាក់ទៀតរងរបួស។

ចំពោះការផ្ទុះលើកទីបីវិញបានកើតឡើងនៅ ក្បែរផ្សារមួយក្នុងខេត្ត កាលពីវេលាម៉ោង ១១៖៣០នាទីយប់ ដែលត្រូវបានគេដាក់បង្កៃគ្រាប់បែកនៅក្បែរធុងសំរាម។  មកដល់ពេលនេះ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈកងកម្លាំងសន្តិសុខថៃ បានចុះទៅកន្លែងកើតហេតុ និងធ្វើការរឹតបន្តឹងសន្តិសុខ៕