(ពោធិ៍សាត់)៖ ពិធីបុណ្យភ្នំ (Phnom Festival) លើកដំបូង ត្រូវបានប្រារព្ធឡើងនៅតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរៀបចំដោយក្រុមហ៊ុន Wonderpass Technology, Solo Landscapes និង Kai Creative Station ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។

ពិធីបុណ្យភ្នំនេះធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីរដ្ឋបាលស្រុកវាលវែង វិស័យឯកជន តំណាងហាងកាហ្វេភ្នំ និងទេសចរប្រមាណ៣០០រូប។

ព្រឹត្តិការណ៍ខាងលើរៀបចំឡើងក្នុងគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណីត និងធម្មជាតិដ៏ស្រស់បំព្រងសមជាគោលដៅ «បុប្ផាលាក់ខ្លួន» នៃខេត្តពោធិ៍សាត់។

ម្យ៉ាងទៀតក៏ដើម្បីភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគគោលដៅទេសចរណ៍នៅក្នុងតំបន់ភ្នំ១,៥០០ និងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានា។

ក្រសួងទេសចរណ៍ក៏ចង់ជំរុញលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រចូលរួមតាមប្រព័ន្ធ Wonderpass Technology ផងដែរ៕