Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីជប៉ុនប្រកាសថា មិនអត់ឱនឲ្យកូរ៉េខាងជើងជាដាច់ខាត ខណៈមីស៊ីលដែលបានបាញ់ ព្រឹកនេះចេញពីនាវាមុជទឹក ចូលដែនសមុទ្រជប៉ុន

24-08-2016 09:53

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនភ្លាមៗបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះប្រទេសកូរ៉េខាងជើង ដែលបានធ្វើការបាញ់សាកល្បង គ្រាប់មីស៊ីលផ្លោង SLBM ជាប្រទេសសម្រាប់បាញ់ចេញពីនាវាមុជទឹក ហើយក្នុងនោះនាយករដ្ឋន្ត្រីលោក ស៊ីនហ្សូ អាបេ ក៏បានប្រកាសថា ទង្វើរបស់ទីក្រុងព្យុងយ៉ាង ម្តងហើយម្តងទៀតបែបនេះ គឺពិតជាមិនអាចលើកលែងឲ្យបានឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃពុធនេះ លោក អាបេ បានហៅការបាញ់គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើង ថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងជាសកម្មភាពដែលមិនអាចលើកលែងឲ្យបាននោះទេ។ លោក អាបេ បញ្ជាក់ដូច្នេះថា «វាជាការគំរាមកំហែងដល់កំពូលចំពោះសន្តិសុខជប៉ុន និងជាសកម្មភាព មួយដែលមិនអាចអត់ឱនឲ្យបានទេ ចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការបាញ់មីស៊ីលចុងក្រោយនេះ វាកាន់តែរំលោភ បន្ថែមទៀតចំពោះ ដំណោះស្រាយរបស់ UN ដែលបានហាមកូរ៉េខាងជើងមិនឲ្យអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល»។

តាមរបាយការណ៍របស់ក្រសួងការពារជាតិជប៉ុន គ្រាប់មីស៊ីល SLBM ត្រូវបានបាញ់ចេញពីដែនទឹកនៃឆ្នេរ Sinpo ក្នុងខេត្ត Hamgyong ខាងត្បូងរបស់ កូរ៉េខាងជើង កាលពីវេលាម៉ោង ៥៖៣០នាទីព្រឹក ដែលវាបានហោះចម្ងាយជិត៥០០គីឡូម៉ែត្ររួចក៏បានធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន។ មុននឹងធ្វើការបាញ់នេះ កូរ៉េខាងជើងធ្លាប់បាន ព្រមានម្តងរួចមកហើយថា ខ្លួននឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាន់តែបង្កការគំរាមកំហែងខ្លាំងមកលើកូរ៉េខាងជើងនោះ៕