(រតនគិរី)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយមហាសន្និបាតវិសារមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា។
កិច្ចប្រជុំនេះដឹកនាំដោយលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានក្រុមការងារអចិន្ត្រៃយ៍ខេត្តរតនគិរី តំណាងនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បានបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យ។ នៅក្នុងមហាសន្និបាតគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតបន្ថែមសមាជិកថ្មីគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦រូប ដែលធ្វើឲ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកើនដល់ចំនួន១,៣១២នាក់។ ជាមួយគ្នានោះក៏មានការបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន៧រូបផងដែរ។
លោក ញ៉ែម សំអឿន បានបន្តថា អង្គសន្និបាតបានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤។ មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី។
លោក ញ៉ែម សំអឿន បានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឲ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន៕