(ស្វាយរៀង)៖ មានករណីអគ្គិភ័យមួយដែលបណ្តាលមកពីព្រះសង្ឃប្រមូលសំរាមដុតជាភ្នក់ភ្លើង ឆាបឆេះរាលដាលដល់រោងដាក់ឈើនៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ជួយបាញ់ទឹកអស់រយៈពេលជិត៨ម៉ោង ទើបគ្រប់គ្រងបានរលត់ទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅវត្តស្វាយចេកចាស់ ភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

នៅមុនពេលកើតហេតុនៅម៉ោង៦ជាងយប់ ព្រះសង្ឃគង់ក្នុងវត្តបានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោងប្រមាណ៧-៨យប់ ព្រះសង្ឃក៏បានឡើងទៅសឹងលើកុដិបាត់ទៅ។ លុះដល់ម៉ោង១០យប់ជាង ស្រាប់តែឮសំឡេងបង្កការភ្ញាក់ផ្អើលព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់ តែភ្លើងមិនអាចពន្លត់បាន ក៏រាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គិភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន១០០ភាគរយ ក្នុងនោះប្រើប្រាស់ទឹកពន្លត់អគ្គិភ័យអស់ប្រមាណជាង២០រថយន្ត។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើដែលឆេះនោះគេពុំទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការ ហើយក្នុងហេតុការណ៍នេះមិនបង្កឲ្យរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើទាំងស្រុងតែម្តង៕