(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា សាលារៀនឯកជនពិតជាមានសក្ដានុពលក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្ស និងស្នើឱ្យសាលារៀនឯកជនបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពអប់រំ ចរិយាធម៌ បទបញ្ជាផ្ទៃក្នុងសាលារៀន វិន័យ ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀន ជាពិសេសគឺការបង្កើនគុណវុឌ្ឍិវិជ្ជាជីវៈ។

លោកអភិបាលស្រុកស្ទោងថ្លែងបែបនេះក្នុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ និងរង្វាន់ជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២២-២០២៣ នៅសាលារៀន អេស អ៊ី ឌី សាខាស្រុកស្ទោង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

លោកបានលើកឡើងថា «សាលារៀនឯកជនពិតជាមានសក្ដានុពល និងជាដៃគូដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា»

លោកបន្ថែមថា ប្រទេសជាតិរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធាន និងមូលធនមនុស្សប្រកបដោយចំណេះជំនាញពិតប្រាកដ ស្របទៅតាមបរិបទបច្ចេកវិទ្យាទំនើបឌីជីថល។

លោកបានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលារៀនត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការពង្រឹងគុណភាពអប់រំ ចរិយាធម៌ បទបញ្ជាផ្ទៃក្នុងសាលារៀន វិន័យ ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀន ជាពិសេសគឺការបង្កើនគុណវុឌ្ឍិវិជ្ជាជីវៈ។

លើសពីនេះលោកបានណែនាំដល់មាតា បិតា អាណាព្យាបាល ត្រូវតម្រង់ទិសដល់ការសិក្សា តាមដានសហការការសិក្សាជួយណែនាំកូនក្នុងការសិក្សានៅតាមគេហដ្ឋាននិងតាមប្រព័ន្ធឌីជីថល និងជំរុញការលើកទឹកចិត្តក្នុងការសិក្សាភាសាសកលក្រៅពីភាសាកំណើតរបស់ខ្លួនឱ្យបានល្អប្រសើរ ក្នុងការឈានទៅការសិក្សានៅមហាវិទ្យាល័យនិងប្រកបវិជ្ជាជីវៈប្រកបដោយជោគជ័យ ជាពិសេសគឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកសាលា ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រតាមរយៈរដ្ឋបាលស្រុកស្ទោង និងបានណែនាំដល់នាយកសាលាទាំងឯកជននិងសាធារណ: ត្រូវចូលរួមលើកកម្ពស់និងបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន ជាពិសេសនៅក្នុងបរិបទបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សាលារៀន អេស អ៊ី ឌី សាខាស្រុកស្ទោង មានសិស្សសរុបចំនួន៥៤៧នាក់ ស្រី២៩៥នាក់ មានថ្នាក់ពេញម៉ោងនិងក្រៅម៉ោងចំណេះទូទៅខ្មែរ ភាសាអង់គ្លេស ភាសាចិន កម្មវិធីគិតលេខរហ័សប៉ាម៉ាកុំព្យូទ័រ កីឡា និងមានរថយន្តសម្រាប់ដឹកជញ្ជូនសិស្សានុសិស្សផងដែរ៕