(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងដោយក្ដីអំណរសាទរថា ចំពោះវិធានការណ៍ដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣មកនេះ បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើល​សកម្មភាពរបស់បុគ្គលមួយចំនួន ដែលបានបង្កបញ្ហាប៉ះពាល់ដល់តម្លៃសាសនានៅកម្ពុជា ក្នុងគោលបំណងការពារ​តម្លៃសាសនា និងសង្គម ដែលមានអរិយធម៌ដ៏ល្អផូរផង់តាំងពីបុរាណរៀងមក គឺជារឿងដ៏ប្រពៃថ្លៃថ្លាបំផុត។ ព្រោះសាសនា គឺជា​គំរូ​សីលធម៌​ដ៏មានឥទ្ធិពលនិងសារៈសំខាន់​បំផុតសំរាប់សង្គមជាតិខ្មែរយើង។

បានសេចក្ដីថាជំនឿសាសនា គឺអប់រំមនុស្សឲ្យ​មាន​សីលធម៌ល្អ ចេះ​ជួយ​គ្នា ធ្វើអំពើ​ល្អ ស្រឡាញ់​សុខសន្តិភាព ស្រឡាញ់​សេចក្ដី​ស្មោះត្រង់​ឲ្យមានភាពសុខដុមរមនា ក្នុងគ្រួសារនិងសង្គមជាតិ។ បើពោលឲ្យចំ ការការពារតម្លៃសាសនា គឺការពារតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។

លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ថា សព្វថ្ងៃបើពិនិត្យមើលលើបុគ្គលដែលបានយកជំនឿសាសនា ធ្វើជាអាជីវកម្មរកស៊ី គឺជាបុគ្គលតាំងខ្លួនឯងថា ជាអ្នកមាន"បារមី" យ៉ាងនេះឬយ៉ាងនោះ។ ស្ថិតត្រង់ចំណុចនេះបើនិយាយអំពីប្រព័ន្ធជំនឿខ្មែរវិញ វាហាក់មិនសមទំនងទាល់តែសោះ។ ដ្បិតពីដើមទ្បើយ ពាក្យ "បារមី" មានន័យថា ដល់កំពូលគឺសំដៅដល់ព្រះពុទ្ធអង្គតែប៉ុណ្ណោះ។

ហេតុនេះបុគ្គលប្រណិប័តន៍សាសនា ពុំគួរយកជំនឿសាសនាមកធ្វើអាជីកម្មផ្សេងៗ ដោយរកវិធីធ្វើឲ្យមានការទាក់ទាញ ឬធ្វើឲ្យគេជឿ ដោយផ្សព្វផ្សាយនិងបំប៉ោងរូបភាពនៅលើបណ្ដាញសង្គមដែលជះឥទ្ធិពលមិនល្អនាំឲ្យប៉ះពាល់ដល់តម្លៃសាសនា និងសីលធម៌សង្គមទ្បើយ ៕