(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ថ្វីត្បិតតែលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ទទួលបានលទ្ធផលជោគជ័យ ក៏ប៉ុន្តែនៅមានបញ្ហាប្រឈមខ្លះ ដែលមន្ត្រីត្រូវធ្វើការកែប្រែ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសន្តិបណ្ឌិត បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសសេក្តីសម្រេច ចាត់តាំងក្រុមការងារគណបក្សចុះជួយ ក្រុង/ស្រុក ក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋភិបាល ជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកសរុបជាង៦០០នាក់។

លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា បញ្ហាប្រឈមខ្លះដែលមន្ត្រីយើងត្រូវទទួលស្គាល់ និងរួមគ្នាធ្វើការកែតម្រូវនោះ៖ 

*ទី១៖ បញ្ហាសេវាសាធារណៈ ការបម្រើនៅមានជួបបញ្ហាយឺតយ៉ាវ ដែលក្នុងនោះអាជ្ញាធរមូលដ្ឋាន មន្ត្រីរបស់យើងនៅមានអត្តចរិត ពាក្យសម្ដីមិនសមរម្យ ដូច្នេះត្រូវធ្វើការកែលម្អ

*ទី២៖ ការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព បើទោះបីមានបទល្មើសថយចុះ ក៏ប៉ុន្តែការអនុវត្តនោះ ប្រជាពលរដ្ឋនៅមានក្តីបារម្ភនៅឡើយ។ ដូច្នេះសូមឲ្យមន្ត្រីចាប់អារម្មណ៍ទៅលើបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ បទល្មើសក្មេងទំនើង និងចាប់អារម្មណ៍ទៅលើគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះនៅតែប្រឈមនៅឡើយ។ ប្រការនេះគឺតម្រូវឲ្យយើងទាំងអស់គ្នា ក្រុមការងារមន្ត្រីគ្រប់ថ្នាក់ ត្រូវរួមគ្នាធ្វើការដោះស្រាយ

*ទី៣៖ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាបញ្ហាផ្លូវថ្នល់ បញ្ហាសំណង់នានា គឺយើងនៅជួបបញ្ហាខ្វះខាតនៅឡើយ។ ដូច្នេះបញ្ហាខ្វះខាតនេះ គឺយើងត្រូវតែខិតខំបំពេញបន្ថែម។

លោកសន្តិបណ្ឌិត បានបញ្ជាក់ថា ខាងលើនេះ គឺជាបញ្ហាប្រឈមខ្លះៗ ដែលយើងត្រូវរួមគ្នាដោះស្រាយ ពីព្រោះសមាសភាពមន្ត្រីយើងច្រើនណាស់ ដោយមានក្រុមការងារថ្នាក់កណ្ដាល មន្ត្រីគ្រប់ថ្នាក់ និងប្រជាពលរដ្ឋទូទៅ ពោលគឺគៀងគរឲ្យក្លាយទៅជាកម្លាំងសរុបមួយដើម្បីឲ្យការងារខាងលើនោះដំណើរការទៅទទួលបានជោគជ័យ៕

http://image.freshnewsasia.com/2021//fn-2023-12-24-13-33-40-1.JPG http://image.freshnewsasia.com/2021//fn-2023-12-24-13-33-42-2.JPG http://image.freshnewsasia.com/2021//fn-2023-12-24-13-34-10-0.JPG http://image.freshnewsasia.com/2021//fn-2023-12-24-13-34-10-1.JPG