(ភ្នំពេញ)៖ រដូវនេសាទត្រីប្រហុកបានចូលមកដល់ លោក ហេង ស៊ីនិត្យ ដែលជាគ្រូបណ្តុះបណ្តាលជំនាញថតរូបរបស់ FTC បានដាក់ប្រធានបទសម្រាប់ការអនុវត្តរបស់ថ្នាក់ថតរូប នៅសប្ដាហ៍នេះ។ ដោយលោក ហេង ស៊ីនិត្យ បានដឹកនាំសិក្ខាកាមប្រមាណ៤០នាក់ ទៅចុះអនុវត្តការថតរូប នៅតាមបណ្ដោយដងទន្លេចតុមុខ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមសិក្ខាកាម ត្រូវបានដឹកនាំដោយ លោក ហេង ស៊ីនិត្យ ជាគ្រូបណ្តុះបណ្តាលជំនាញថតរូបរបស់ FTC បានផ្ដិតយករូបភាពផ្សេងៗនៃការនេសាទត្រី ក៏ដូចជាជីវភាពនៅលើទូកនេសាទ ជាការតេស្តសាកល្បងនូវចំណេះដឹង និងសមត្ថភាព នៃការប្រើប្រាស់ការមេរ៉ា ការប្រើប្រាស់ពន្លឺ ការចាប់ប្លង់ និងការជ្រើសរើសប្រធានបទនេះ នៃរូបភាពនីមួយៗ។ បន្ទាប់ពីបានសិក្សាជំនាញនេះរយៈពេលជិត២ខែមកនេះ។

បើតាមលោក ហេង ស៊ីនិត្យ គ្រូបណ្តុះបណ្តាលជំនាញថតរូបរបស់ FTC បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ចំនួនក្នុងនោះរួមមាន៖
១៖ ធ្វើយ៉ាងណាឲ្យអ្នកមើលយល់ន័យក្នុងរូបថត, ២៖ ការថតរូបទុកជាឯកសារ និង៣៖ ដុសខាត់លើកវិស័យថតរូប ឲ្យកាន់តែល្អថែមទៀត។

សិក្ខាកាមវគ្គសិក្សាលើជំនាញថតរូបក្នុងវិស័យសារព័ត៌មាន ជំនាន់ទី៣ របស់ FTC បានសម្តែងភាពសប្បាយរីករាយ ចំពោះទស្សនកិច្ចសិក្សានាពេលនេះ ដែលទទួលបានទាំងចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងជំនាញថតរូប។ ពួកគាត់ប្តេជ្ញាខិតខំរៀនសូត្រ និងយកជំនាញនេះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់អង្គភាព និងសង្គម។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

ខាងក្រោមនេះគឺជារូបភាព ដែលសិក្ខាកាមរបស់ FTC បានផ្ដិតយកពីទន្លេដែលជាប្រភពធនធានមច្ឆារជាតិរបស់កម្ពុជា ហើយក៏ជាទីតាំងមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តផងដែរ៖