(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងដីកានោះបានជូនដំណឹងអំពីការ បិទការស៊ើបសួរ នឹងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រម ជំនុំជម្រះ លើសំណុំរឿងដោយចោទប្រកាន់លោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះកន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោយដាក់ លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការ ពិនិត្យពីបទ «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារ។ ក្នុងដីកាបានបញ្ជាក់ទៀតថា លោក កឹម សុខា ត្រូវគោរពនូវកាតព្វកិច្ច ដោយមិនត្រូវចាកចេញ ក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា នោះឡើយ។
សូមបញ្ជាក់ថា លោក កឹម សុខា បានរស់សម្ងំលាក់ខ្លួនពួនអាត្មា នៅក្នុងទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមរណាំងការពាររបស់អ្នកគាំទ្រ អស់រយៈពេលជិត ២ខែមកហើយ។ លោក កឹម សុខា ព្យាយាមលាក់ខ្លួន ដើម្បីគេចពីការតាមចាប់ របស់សមត្ថកិច្ច បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួន តាមការកោះហៅឲ្យចូលទៅបំភ្លឺ លើសំណុំរឿងសញ្ចារកម្ម ដែលប្តឹងដោយកញ្ញា ស្រីមុំ ដែលត្រូវគេអះអាងថា ជាអតីតគូកំណាន់ចិត្តរបស់លោក៕