(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលមានថ្នាក់ដឹកនាំ គណៈចលនាសាសនិកឥស្លាមតំណាងសហគមន៍មកពីរាជធានី ខេត្តទាំង២៥ ចំនួនជាង១០០០នាក់។

ថ្លែងទៅកាន់អង្គប្រជុំ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានទាំង៤រូប ដោយអង្គសន្និបាត ជ្រើសតាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមប្រធានគណៈចលនា លោកបានលើកឡើងថា គណៈចលនារាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រីក ពង្រឹង តាមគោលការណ៍ដែលបានកំណត់ សមត្ថភាពដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ តាមរបៀបរបបការងារ ច្បាស់លាស់ ដោយត្រូវសាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។

លើសពីនេះ ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឲ្ហបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឲ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំ របស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។

ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីកសមាជិកបក្សឲ្យបានជាប់ជាប្រចាំដោយ ដោយសហការជាមួយគណបក្សមូលដ្ឋាន ជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឲ្យបានទូលំទូលាយ ស៊ីជម្រៅ ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោត។  ចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ថា្នក់ដឹកនាំគណៈចលនារាជធានី-ខេត្ត ត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សហគមន៍។

ជាមួយនេះ លោក អូស្មាន ហាស្សាន់ ក៏បានបញ្ជាក់ទៅកាន់ អង្គប្រជុំ អំពីការសម្រេចបោះឆ្នោតជ្រើសរើសជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូប ដែលធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប១៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណ:អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។

លោកបានថ្លែងអំណរគុណចំពោះការចូលរួមពីសំណាក់ លោក លោកស្រី យុវជន មកពីរាជធានី-ខេត្ត តំណាងសហគមន៍ ដែលបានរួមគ្នាបន្តថែរក្សាសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើក ជាពិសេសក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា៕