(ភ្នំពេញ)៖ កម្មវិធី «សំណេរអង្គរ» គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។

យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានពន្យល់បរិយាយថា ដោយមើលឃើញពីកំហុសឆ្គងក្នុងការសរសេរ ការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរមិនសូវល្អ ឬនៅមានកម្រិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន លោករួមជាមួយមិត្តភក្តិក៏បានមូលមតិគ្នាផ្ដួចផ្ដើមរៀបចំកម្មវិធីសំណេរអង្គរនេះឡើង និងកៀរគររកបានដៃគូសហការជាច្រើន រួមទាំងផ្នែកសារព័ត៌មានផងដែរ។

លោក ប៊ុនហុក បានបន្តថា កម្មវិធីដ៏មានសារសំខាន់នេះនឹងប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ រយៈពេលនៃការប្រកួតប្រហែល១ម៉ោង ហើយប្រធានបទគឺពាក់ព័ន្ធនឹងតំបន់អង្គរ ដែលជាទឹកដីដ៏អច្ឆរិយៈនៃប្រជាជាតិខ្មែរ ជាអតីតរាជធានីខ្មែរសម័យចក្រភពអង្គរជាង៦០០ឆ្នាំ។

លោក លីម ប៊ុនហុក បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមប្រកួតធ្វើឡើងតាមរយៈ Telegram ដែលមានលេខ៖ 092 337 626 ដោយភ្ជាប់ជាមួយលក្ខខណ្ឌងាយៗ ប្រសិនបើជាសិស្សឬនិស្សិតសូមភ្ជាប់ជាមួយបណ្ណសម្គាល់អត្តសញ្ញាណសិស្សឬនិស្សិត (កាតសិស្ស) ប្រសិនបើជាប្រជាពលរដ្ឋទូទៅសូមភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយសម្រាប់ជនបរទេសសូមភ្ជាប់ជាមួយលិខិតឆ្លងដែន។

បច្ចុប្បន្ននេះ ក្រុមការងារកម្មវិធីកំពុងទទួលការចុះឈ្មោះចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋ មហាជន សិស្ស និស្សិត ជនបរទេសផងដែរ ខណៈមកទល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណ៥០០នាក់ហើយ។ លោកថា កម្មវិធីអាចទទួលអ្នកចូលរួមប្រកួតច្រើនបំផុតប្រមាណ១,០០០នាក់។ ចំពោះអ្នកដែលចង់ចូលរួមប្រកួតសូមរួសរាន់ចុះឈ្មោះតាមតេឡេក្រាមខាងលើ ពីព្រោះការទទួលការចុះឈ្មោះ នឹងបិទបញ្ចប់ត្រឹម​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៣។

លោក ប៊ុនហុក ក៏បានលើកទឹកចិត្តដល់មហាជនទាំងឡាយដែលគិតថាខ្លួនឯងគ្មានសមត្ថភាព សមត្ថភាពនៅស្តួចស្ដើង មិនហ៊ានចូលរួមក្នុងការប្រកួតសរសេរតាមអានអក្សរខ្មែរនេះ គឺសូមក្លាហានឡើង កុំមានការភ័យព្រួយ ឬអៀនខ្មាសឱ្យសោះ។ ការចូលរួមប្រកួតនេះមិនសំខាន់រឿងបានរង្វាន់ឬមិនបានរង្វាន់ ជាប់ឬធ្លាក់នោះទេ គឺសំខាន់បានយល់ដឹងបន្ថែមពីគុណតម្លៃអក្សរសាស្ត្រខ្មែរ ការកែតម្រូវផ្នែកអក្ខរាវិរុទ្ធក្នុងការសរសេរអក្សរខ្មែរ ព្រមទាំងចំណេះដឹងថ្មីៗផ្សេងទៀតពីកម្មវិធីដ៏មានសារសំខាន់នេះ។

ចំពោះ​រង្វាន់​សម្រាប់​ជ័យ​លា​ភី ត្រូវបានលោក ប៊ុនហុក បញ្ជាក់ដែរថា​៖
* ជ័យលាភីលេខ១ ទទួល​បាន​ប្រាក់​រង្វាន់១លាន២សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៥ ចំនួ​ន១បន្ទប់គ្រែ២ សម្រាប់៣យប់ នៅខេត្ត​សៀមរាប។
* ជ័យ​លា​ភី​លេខ២ ទទួល​បានប្រាក់​រង្វាន់៨សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៤ ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់ នៅខេត្ត​សៀមរាប។
* ជ័យ​លា​ភី​លេខ៣ ទទួល​បានប្រាក់​រង្វាន់៤សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៣ ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់នៅ​ខេត្តសៀមរាប។
* ក្រៅពី​នេះក៏​មាន​រង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ជាច្រើន​ទៀត។

បើតាមលោក លីម ប៊ុនហុក កម្មវិធីសរសេរតាមអានដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិនេះ គឺមានភាពល្បីល្បាញណាស់នៅប្រទេសបារាំង ដែលបានកៀរគរឱ្យប្រជាពលរដ្ឋបារាំងចូលរួមប្រកួតប្រជែង និងទទួលបានចំណេះដឹងយ៉ាងច្រើនពីការសរសេរពាក្យនៃភាសារបស់ពួកគេ។

លោក លីម ប៊ុនហុក មានសុទិដ្ឋិនិយមថា កម្មវិធីសំណេរអង្គរលើកទី១ ឬការប្រកួតសរសេរតាមអានអក្សរសាស្ត្រខ្មែរនេះ នឹងជួយលើកស្ទួយភាសាខ្មែរដែលជាអត្តសញ្ញាណជាតិមួយរបស់កម្ពុជា ព្រមទាំងលើកស្ទួយលើកវិស័យទេសចរណ៍ក្នុងស្រុក ដោយហេតុថាការរៀបចំកម្មវិធីសំណេរអង្គរនេះ គឺធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត (ខាងលិច) ខណៈតំបន់អង្គរជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ លោក ប៊ុនហុក ចង់ឃើញអក្សរសាស្ត្រខ្មែរមានភាពល្អប្រសើរពីជំនាន់មួយទៅជំនាន់មួយ ពិសេសលើបញ្ហាអក្ខរាវិរុទ្ធ៕

សូមទស្សនាបទសម្ភាសរវាងក្រុមអ្នកសារព័ត៌មានជាមួយលោក លីម ប៊ុនហុក ដូចតទៅ៖