(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋ ដែលមានបំណង និងកំពុងស្នាក់នៅដើម្បីដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការ នគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ អាកាសធាតុលើផ្ទៃសមុទ្រមានសភាពអាប់អួរ​ ផ្ទៃមេឃងងឹត កម្លាំងខ្យល់បក់ជាមធ្យម​ និងទឹករលកយោលយោគ នៅ​ចន្លោះឃ្លង​ ឆ្នេរអូឈើទាលមាន រលកបែកផ្កាត្រែង, អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ដដែល ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហ័ស»

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕