(ភ្នំពេញ)៖ ការសិក្សាចំណេះទូទៅទុតិយភូមិត្រូវបានបញ្ចប់ ជាពេលវេលាដែល សិស្សនិស្សិតត្រូវស្វែងរកអាហារូបករណ៍ ដើម្បីបន្តការសិក្សា នៅសកលវិទ្យាល័យ។
អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស នៅតែជាក្តីស្រមៃនៃនិស្សិតគ្រប់រូប។ ដើម្បីជំរុញការរៀបចំខ្លួន ប្របកដោយប្រសិទ្ធិភាព បញ្ញវន្ត១២រូប ដែលទទួលបានភាពជោគជ័យនៅបរទេស នឹងត្រលប់មកចូលខ្លួនបកស្រាយ ចែករំលែក បទពិសោធន៍ ទៅដល់សិស្សនិសិត្សកម្ពុជា ក្នុងការចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
នៅក្នុងសន្និសីទអាហារូបករណ៍លើកទី៥ ដែលធ្វើឡើងនៅថ្ងែទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បញ្ញវ័ន្តរួមជាមួយ និងស្ថានទូតធំៗចំនួន៨ នឹងលើកយកនូវប្រធានបទ ធំៗ៣គឺ សំណេរអំពីខ្លួនឯង គម្រោងសិក្សា និងការសម្ភាសន៍ ។
សិស្សនិស្សិតនឹងបានដឹងបន្ថែមទៀតពី មធ្យោបាយស្វែងរកព័ត៌មាន តម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី ។ អ្នកចូលរួមនឹងយល់កាន់តែច្បាស់ ពីអាហារូបករណ៍ល្បីៗ ដូចជា Chevening, Fulbright, MEXT, New Zealand Scholars Awards, NUS Scholarship, Erasmus, DAAD, AUF scholarship, World Bank Joint Japanese Scholarship និង អាហារូបករណ៍ដែលផ្តល់ផ្ទាល់ដោយសកលវិទ្យាល័យ។
ការណែនាំទាំងនេះនឹងជួយឲ្យសិស្សនិស្សិត ដឹងថាតើជំហានមួយណាដែលខ្លួនគួររៀបចំ ទៅមុខទៀត និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះ ដែលមានសារៈសំខាន់ដល់ការប្រកួតប្រជែងដណ្ដើម យកអាហារូបករណ៍របស់ខ្លួន។ ព័ត៌មានបន្ថែមទាក់ទង Facebook: ANUSSA Event Planner. កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ និង ក្រុមហ៊ុនស្តារអូតូ៕