(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការប្រកបវិជ្ជាជីវៈសើស្បែកឱ្យប្រសើរឡើងនៅកម្ពុជា សមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ ដោយមានវាគ្មិនជាតិ អន្តរជាតិ មកពីសាធារណៈរដ្ឋកូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់។

កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេល២ថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «លើកកម្ពស់ការប្រកបវិជ្ជាជីវៈសើស្បែកឱ្យប្រសើរឡើងនៅកម្ពុជា» នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង Prof. YULIANTO LISTIAWAN, President of Asian Academy of Dermatology & Venereology and President of Indonesian Society of Dermatology & Venereology , Prof. NGUYEN HUU SAU, President of Vietnamese Society of Dermatology & Venereology។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកម្ពុជាបានលើកឡើងថា សមាគមបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំអស់រយៈពេល៨ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់មិត្តភក្តិ ជាតិ និងអន្តរជាតិជួបទំនាក់ទំនងគ្នា និងបានមកទស្សនាខេត្តសៀមរាបនៃប្រទេសកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញដែលជាបេតិកភណ្ឌពិភពលោក។ ជាពិសេសទទួលបានការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និស្សិតវេជ្ជសាស្ត្រ ដែលជាសិក្ខាកាម ដោយ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ។

«ជាងនេះទៅទៀតដោយយើងបានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក តាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ ពីអ្នកជំនាញសុខាភិបាល និងប្រជាពលរដ្ឋមួយចំនួននិយមទទួលសេវាថែទាំ ព្យាបាលជំងឺស្បែក ដោយគ្មានការពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញ។ ដូច្នេះកិច្ចប្រជុំនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេជ្ជបណ្ឌិតទាំងអស់នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឱ្យមាន
ប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។

ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងកោតសរសើរចំពោះសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨របស់ខ្លួន ក្នុងការចូលរួមចំណែកដល់ការពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និស្សិតវេជ្ជសាស្ត្រ ដែលជាសិក្ខាកាម ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិន ជាតិ និងអន្តរជាតិ។

លោករដ្ឋលេខាធិការក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពិសេសការពង្រឹងគុណភាព វិស័យសុខាភិបាល ជាអាទិភាពមួយដ៏សំខាន់ ដែលក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ដល់សុខភាពទូទៅរបស់ ប្រជាពលរដ្ឋ (និយាយជារួម) និងសុខភាពស្បែក (និយាយដោយឡែក)។

លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន ក៏បានលើកទឹកចិត្ដដល់វេជ្ជបណ្ឌិតទាំងអស់ បន្ដរួមគ្នាលើកកម្ពស់ការប្រកបវិជ្ជាជីវៈសើស្បែកឲ្យប្រសើរឡើងនៅកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាសើស្បែកនានា ដែលប្រជាជនយើងជួបប្រទះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕