(អ៊ីតាលី)៖ តាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មានគ្រោះរញ្ជួយដីកំរិត ៦.៤រិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសអ៊ីតាលី គឺទីក្រុង Perugia។ នេះបើតាមការព្យាករណ៍ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ខណៈកម្លាំងញ័ររញ្ជួយរបស់វា ក៏បានរាល ដាលដល់ទីក្រុងរ៉ូមផងដែរ។

គ្រោះរញ្ជួយដីបានកើតឡើងនៅពេលវេលាម៉ោង ៣៖៣៦នាទីទៀបភ្លឺម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។

ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បូកសរុបការខូចខាត ដូចជាការបាក់អគារ ឬក៏មនុស្សរងគ្រោះថ្នាក់នោះឡើយ ខណៈកម្លាំងសង្គ្រោះរបស់អ៊ីតាលី ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យ ចេញប្រតិបត្តិការ ទាំងយប់ផងដែរ។ ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕