(ភ្នំពេញ)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បានបញ្ចប់ជាសា្ថពរបេសកកម្មផ្ដល់សេវាប្រឹក្សាយោបល់ដល់ប្រទេសកម្ពុជា ដោយផ្ដោតលើ ការវាយតម្លៃពីរបបសន្តិសុខនុយក្លេអ៊ែររបស់កម្ពុជា និងសារធាតុវិទ្យុសកម្មដទៃទៀតដែលស្ថិតនៅក្រៅបទបញ្ញត្តិគ្រប់គ្រង (MORC)។ ក្រុមអ្នកជំនាញ បាននិយាយថាកម្ពុជាបានដាក់ចេញ និងអនុវត្តវិធានការតាមដាន និងឆ្លើយតបទៅនឹងរាល់បទឧក្រិដ្ឋ និងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងសារធាតុ វិទ្យុសកម្ម និងបានលើកទឹកចិត្តដល់កម្ពុជាធ្វើឱ្យក្របខណ្ឌច្បាប់ និងបទបញ្ញត្តិរបស់ខ្លួនកាន់តែមានភាពល្អប្រសើរឡើង។ ក្រុមអ្នកជំនាញ ក៏បានកត់សម្គាល់ផងដែរពីការអនុវត្តបានយ៉ាងល្អលើការងារនេះ។

បេកសកកម្មរបស់ IAEA ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែធ្នូ តបតាមសំណើរបស់ព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ក្រុមការងារដែលមានអ្នកជំនាញអន្តរជាតិ៩រូប មកពីប្រទេសហ្វាំងឡង់ ហុងគ្រី ជប៉ុន ម៉ារ៉ុក ប៉ាគីស្ថាន សហរដ្ឋអាមេរិក វៀតណាម និង IAEA។ នេះគឺជាបេសកកម្មលើកទី២ នៅក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់ IAEA ឬហៅជាភាសាអង់គ្លេសថា International Nuclear Security Advisory Service (INSServ) មានគោលដៅជួយដល់រដ្ឋទាំងឡាយ ក្នុងការទប់ស្កាត់ តាមដាន និងធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបទឧក្រិដ្ឋ និងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ឬសារធាតុវិទ្យុសកម្មដទៃទៀតដែលគេស្គាល់ថា MORC ដែលបានបាត់បង់ ត្រូវបានលួច ត្រូវបានបោះចោលដោយមិនត្រឹមត្រូវ ឬក៏ស្ដុកទុកមិនត្រូវតាម ស្ដង់ដារ។

បេសកកម្មមានក៏គោលដៅដែរ ក្នុងការត្រួតពិនិត្យឡើងវិញពីស្ថានភាពបច្ចុប្បន្ននៃសន្តិសុខនុយក្លេអ៊ែរពាក់ព័ន្ធនឹង MORC នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់អនុសាសន៍ពីរបៀបពង្រឹងសន្តិសុខនេះស្របទៅសេចក្ដីណែនាំអន្តរជាតិ និងការអនុវត្តល្អប្រសើរ។ ក្រុមការងារបានដឹកនាំកិច្ចប្រជុំជាបន្ត បន្ទាប់ជាមួយក្រុមមន្ត្រីមកពីក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងភេរវកម្ម និងអាជ្ញាធរជាតិសម្រាប់ការហាមឃាត់អាវុធគីម នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ហៅកាត់ថា NACW។

ក្រុមការងារ នៃបេសកកម្ម INSServ បានធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងភ្នំពេញ កំពុងផែស្វយ័តក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដើម្បីវាយតម្លៃពីការតាមដាន និងវិធានាការឆ្លើយតបនៅនឹងកន្លែង។ ក្រុមការងារក៏បានធ្វើដំណើរទៅកាន់វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍លើ សារធាតុរបស់ NACW នៅខេត្តកំពង់ឆ្នាំងផងដែរ។ ប្រធានក្រុមការងារ លោក Khammar Mrabit ជាអតីតអគ្គនាយកនៃទីភ្នាក់ងារសន្តិសុខ និងសុវត្ថិភាពនុយក្លេអ៊ែរ នៃប្រទេសម៉ារ៉ុក បានលើកឡើងដូច្នេះថា «កម្ពុជាបានបង្កើតមូលដ្ឋានយ៉ាងរឹងមាំសម្រាប់របបសន្តិសុខនុយក្លេអ៊ែរ គ្រប់ជ្រុងជ្រោយ»។ លោកបន្ថែមថា «យើងសូមសាទរដល់កិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងបេសកកម្មនេះ និងសង្ឃឹមថាអនុសាសន៍ និងយោបល់របស់យើងអាចជួយដល់ភាពល្អប្រសើរនៅពេលអនាគត»។

ក្រុមការងារបាននិយាយថាប្រទេសកម្ពុជាបានអនុវត្តធាតុផ្សំនៃច្បាប់ជាច្រើន និងក្រមខណ្ឌបទបញ្ញត្តិពាក់ព័ន្ធនឹង MORC។ ព្រមពេលជាមួយ ក្រុមការងារបានផ្ដល់អនុសាសន៍ដល់កម្ពុជាឱ្យបង្កើតច្បាប់នុយក្លេអ៊ែរថ្នាក់ជាតិមួយ និងផ្ដល់សច្ចាប័នលើការធ្វើវិសោធនកម្មនៃអនុសញ្ញាស្ដីពីការការពារ រូបវន្តនៃសម្ភារៈនុយក្លេអ៊ែរ និងអនុសញ្ញាអន្តរជាតិស្ដីពីការបង្ក្រាបភេរវកម្មនុយក្លេអ៊ែរ។ អនុសាសន៍ទាំងនេះមានរួមបញ្ចូលផងដែរនូវការបង្កើត ហេដ្ឋារចនាសម្ព័ន្ធជាតិដើម្បគាំទ្រប្រកបដោយចីរភាពដល់ការបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពតាមដាន និងឆ្លើយតបដែលមានស្រាប់របស់កម្ពុជា។

ការអនុវត្តបានយ៉ាងល្អប្រសើរជាច្រើនត្រូវបានកត់សម្គាល់ ក្នុងនោះរួមមានការចាត់ថ្នាក់ ឬបែងចែកនៃបទល្មើសនៅក្រោមក្របខណ្ឌច្បាប់របស់កម្ពុជា ការស្កែនរកសារធាតុវិទ្យុសកម្មលើរាល់ទំនិញនំាចូល និងនាំចេញតាមទូរកុងតឺន័រ នៅឯកំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពងផែស្វយ័តក្រុងព្រះសីហនុ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ IAEA TRACE (Tool for Radiation Alarm and Commodity Evaluation) រួមទាំងការបង្កើនចំណេះដឹង គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពបុគ្គលិកដែលទទួលបន្ទុកតាមដានសន្តិសុខនុយក្លេអ៊ែរប្រកបដោយវិជ្ជាជីវៈ។ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីបន្ត ផ្ដល់ការគាំទ្រដល់កម្ពុជា ខណៈពួកគេកំពុងអនុវត្តតាមអនុសាសន៍ និងយោបល់នៃបេសកកម្ម INSServ របស់ IAEA ដើម្បីពង្រឹងការតាមដានសន្តិសុខ នុយក្លេអ៊ែរ និងប្រព័ន្ធឆ្លើយតប ព្រមទាំងវិធានការពាក់ព័ន្ធនានាទៅនឹង MORC»។ នេះជាការបញ្ជាក់របស់លោកស្រី Elena Buglova ជានាយកអង្គភាពសន្តិសុខនុយក្លេអ៊ែរ IAEA។

បេសកកម្ម INSServ របស់ IAEA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងធ្វើឡើងដើម្បីជួយដល់រដ្ឋទាំងឡាយ ក្នុងការពង្រឹងរបបសន្តិសុខ នុយក្លេអ៊ែររបស់ពួកគេ ពាក់ព័ន្ធនឹង MORC។ ទីភ្នាក់ងារ IAEA បានផ្ដល់នូវសេវាជាច្រើនលើវិស័យនុយក្លេអ៊ែរ ក្នុងនោះរួមមានការប្រឹក្សាយោបល់ពី អ្នកជំនាញ ការបណ្ដុះបណ្ដាល និងការគំាទ្រផ្នែកបរិក្ខារ សំដៅជួយដល់រដ្ឋជាសមាជិកការពារខ្លួនប្រឆាំងបទឧក្រិដ្ឋ ឬសកម្មភាពខុសច្បាប់ទាក់ទងនឹង នុយក្លេអ៊ែរ ឬសារធាតុវិទ្យុសកម្ម។

ជាចុងក្រោយ លោក Keo Rottanak រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា «បេសកកម្ម INSServ លើកទី២ នឹងជួយដល់ពួកគេ ក្នុងការធ្វើបច្ចុប្បន្នភាពរបបសន្តិសុខនុយក្លេអ៊ែរ តាមរយៈការគិតគូរទៅលើអនុវត្តជាលក្ខណៈអន្តរជាតិ និងជំនាញ»។ លោកបន្តថា «យើងជឿជាក់យ៉ាងមុតមាំថាប្រទេសមួយតែម្នាក់ឯង គឺមិនអាចដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញពាក់ព័ន្ធនឹងសន្តិសុខនុយក្លេអ៊ែរបានឡើយ។ ពិភពលោកមួយដែលសុវត្ថិភាពទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសទាំងអស់ ទីភ្នាក់ងារពាក់ព័ន្ធ និងបុគ្គលគ្រប់ៗរូប»។

សេចក្ដីព្រាងនៃលទ្ធផល និងអនុសាសន៍ត្រូវបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យ ហើយរបាយការណ៍ចុងក្រោយនឹងត្រូវបានធ្វើបទបង្ហាញ នៅក្នុងរយៈ៣ខែខាងមុខ៕