(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ជូនសមាជិក សមាជិកា ក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាពលក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លើការឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥។ លោកបន្តថា ការប្រារព្ធទិវានេះឡើង មានគោលបំណងទាញការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋ និងយុវជនឲ្យបន្តការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍។
លោកបានកោតសរសើរដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលតែងខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមក បានយ៉ាងល្អប្រសើរ និងបានក្រើនរំលឹកដល់ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ឧស្សាហ៍ហាត់ប្រាណ ហូបស្អាត ផឹកស្អាត និងត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ។
លើសពីនេះទៀត ត្រូវចូលរួមអនុវត្តតាមរយ:សារលិខិតសំខាន់ៗទាំង៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកស្វាយ សំអ៊ាង ក៏បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូនអ្នករស់នៅជាមួយមេរោគអេដស៍៣៥នាក់ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៉ីអ៉ីវ ១យួរ និងថវិកា៥ម៉ឺនរៀល៕