(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចាត់ទុកថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ហើយក្រសួងព័ត៌មាន ផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្តបើកវគ្គបណ្តុះបណ្តាល បន្ថែមទៀត។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន រៀបចំឡើងដោយ សមាគមសហព័ន្ធ អ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នាអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធាន អនុប្រធាន សមាជិក សមាគម និងអ្នកសារព័ត៌មាន ជិត២០០នាក់។

សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានជម្រាបជូនពីគោលបំណងសំខាន់ៗរបស់សមាគម គឺការចូលរួមថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ឲ្យមានភាពរឹងមាំ និងរីកចំរើនជានិរន្តរ៍ ជាពិសេសលើកស្ទួយនីតិរដ្ឋ និងអភិបាលកិច្ចល្អ នៃសង្គមកម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ ធនធានមនុស្ស និងអ្នកសារព័ត៌មានឲ្យមានសមត្ថភាព ទេពកោសល្យ និងសីលធម៌វិជ្ជាជីវៈក្នុងការចូលរួមកសាងសង្គមជាតិ ប្រកប ដោយមិត្តភាព ភាតរភាព កិច្ចសហប្រតិបត្តិការល្អ ដែលផ្តល់ប្រយោជន៍ទៅវិញ ទៅមកជាដៃគូក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដើម្បីឆ្លើយតបគោលបំណងខាងលើនេះ សមាគមសហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យមានសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈ។

នៅក្នុងឱកាសនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មាន ក្នុងការពង្រឹងសមត្ថភាព និងផលិតខ្លឹមសារព័ត៌មានប្រកបដោយគុណភាព ចែកជូនដល់ប្រជាពលរដ្ឋ។

លោកបានជម្រាបជូនពីស្ថានភាពរបស់សារព័ត៌មាន នាពេលបច្ចុប្បន្ន ដែលមានការផ្លាស់ប្តូរពីប្រពន្ធ័ផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី , ហើយប្រពន្ធ័ផ្សព្វផ្សាយថ្មីសំដៅទៅលើ គេហទំព័រ Facebook , TikTok Twitter , Instagram, ឬ WeChat ជាដើម គឺជាបណ្តុំនៃប្រពន្ធ័ផ្សព្វផ្សាយទំនើប ដែលប្រជាពលរដ្ឋ មាននិន្នាការទទួលព័ត៌មាន តាមប្រព័ន្ធនេះច្រើនជាងគេ ព្រោះជាមធ្យោបាយនៃការទទួលបានដោយភាពសំបូរបែបតាមរយៈ Internet ដែលបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ព័ត៌មាន ដូច្នេះទើបធ្វើឲ្យមាននិន្នាការក្នុងការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយទាំងនៅលើពិភពលោក និងនៅកម្ពុជា។ នៅពេលប្រពន្ធ័ផ្សព្វផ្សាយទំនើបកើនឡើង បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយបុរាណបានបិទជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ កម្រិតនៃការប្រកួតប្រជែងលើទីផ្សារព័ត៌មាន និងសោតទស្សន៍ គឺមានភាពសំបូរបែប ហើយអ្វីដែលជាមូលដ្ឋានដើម្បីឲ្យស្ថាប័ន អង្គភាពសារព័ត៌មាន អាចបន្តដំណើរការទៅមុខទៀត គឺមានតែចំណុចសំខាន់ពីរ ទី១៖ ខ្លឹមសារដែលមានអត្ថន័យ ជាព័ត៌មានដែលមានគុណភាព និងទី២៖ ល្បឿននៃការផ្សព្វផ្សាយព័ត៌មានឲ្យលឿន គឺជាចំណុចសំខាន់ដែលអាចឲ្យស្ថាប័នសារព័ត៌មានអាចដំណើរការទៅមុខបាន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ៕