(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះគ្រូចៅអធិការវត្តករណីដើម និងគណៈកម្មការវត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ «វិថីអនុគណតូច អ៊ុល» ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម សប្បុរសជននានា ដែលបានសហការគ្រប់បែបយ៉ាងជាមួយរដ្ឋបាលស្រុកស្ទោង និងឃុំកំពង់ចិនត្បូង ក្នុងការសាងសង់ «វិថីអនុគណតូច អ៊ុល» ដែលធ្វើឡើងអំពីបេតុង ដែលជាការបូករួមបញ្ចូលគ្នារវាងថវិកាសប្បុរសជន និងមូលនិធិឃុំកំពង់ចិត្តត្បូង ដែលជាសមិទ្ធិផលថ្មីស្រឡាង ក្រោមសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានគេហដ្ឋាននៅអមសងខាងវិថីនេះ ក្នុងកិច្ចការសហការ សម្របសម្រួល ដើម្បីងាយស្រួលក្នុងការសាងសង់ ដើម្បីទទួលបានវិថីមួយប្រកបដោយសោភ័ណភាព បរិស្ថានស្អាត គុណភាព ងាយស្រួលក្នុងការធ្វើដំណើរ និងទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាតទៅ។

ទន្ទឹមក្នុងនេះលោកអភិបាលបានណែនាំដល់រដ្ឋបាលឃុំកំពង់ចិត្តត្បូង និងក្រុមហ៊ុន លី ដា ត្រូវសហការគ្នាឲ្យបានល្អក្នុងនិងតាមដានត្រួតពិនិត្យជាប្រចាំនូវការសាងសង់ផ្លូវនេះតាមបទដ្ឋានបច្ចេកទេសសំណង់ផ្លូវបេតុង ប្រកបដោយគុណភាព និងទាន់ពេលវេលា ដើម្បីធានានៅការប្រើប្រាស់បានយូរអង្វែង។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនដែលមានលំនៅដ្ឋានអមសងខាងផ្លូវសូមនាំគ្នាជួយថែរក្សា ការពារ វិថីនេះ ដើម្បីមានសោភ័ណភាពបរិស្ថានល្អ គ្មានការកកស្ទះប្រព័ន្ធលូ និងធានាបាននូវគុណភាពយូរអង្វែង។

គួរបញ្ជាក់ថា វិថីអនុគណតូច អ៊ុល មានប្រវែង៤៥០ ម៉ែត្រទទឹង០៩ម៉ែត្រ និងមានសួនច្បារកណ្ដាល ដែលបានសាងសង់បានប្រហែល៥៥ភាគរយ ដែលគ្រោងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ២០២៣នេះ៕