(ព្រៃវែង)៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Bill Longhurst បានចុះជួបផ្ទាល់ជាមួយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីនាំយកដំណឹង អំពីការប្រកាសផ្ដល់ អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ក្នុងខេត្តព្រៃវែង,ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើទៅលោកឯកអគ្គរាជទូត អំពីការជួយជំរុញវិនិយោគិនអង់គ្លេស ឱ្យមកវិនិយោគបន្ថែមលើវិស័យកសិកម្ម ក្នុងខេត្តព្រៃវែង។
ក្នុងជំនួបសម្តែងការគួរសម នាថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៦ លោក Bill Longhurst បានជម្រាបជូនលោក ជា សុមេធី ថា ចក្រភពអង់គ្លេសនឹងផ្ដល់អាហាររូបករណ៍ដល់និស្សិតខេត្តព្រៃវែង ដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅចក្រភពអង់គ្លេស លើមុខជំនាញជាច្រើន ហើយភាគីអង់គ្លេង ក៏ផ្ដល់ជូននូវមធ្យោបាយមួយចំនួន ដូចជាសំបុត្រយន្តហោះ, ការស្នាក់នៅ, អាហារហូបចុកជាដើម។ ដោយឡែក រៀងរាល់ឆ្នាំ មាននិស្សិតអាហាររូបករណ៍របស់កម្ពុជា ជាង២០នាក់ បានទៅបន្តការសិក្សានៅអង់គ្លេសផងដែរ។
លោក Bill Longhurst បានផ្ដល់នូវមធ្យោបាយទំនាក់ទំនងព័ត៌មានផងដែរ រួមមាន៖ វេបសាយ «cheveningScholarship:www.chevning.org/Cambodia» ឬ chevening internship programme: «online application form found at // ow.ly/7Mpx302Lxto» ។ ការទទួលពាក្យ សំណុំបែបបទតាម online ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាមួយគ្នានេះ លោក ជា សុមេធី ក៏បានថ្លែងអំណរគុណ ចំពោះលោក Bill Longhurst ដែលបានចុះមកផ្សព្វផ្សាយផ្ទាល់ ពីឱកាសទទួលបានអាហាររូបករណ៍នេះ ដល់និស្សិតខេត្តព្រៃវែង ក្នុងសកលវិទ្យាល័យ «ជា សីុម កំចាយមារ» ដើម្បីបន្តការសិក្សានៅចក្រភពអង់គ្លេស ដែលនេះបញ្ជាក់ឱ្យឃើញថា ចក្រភពអង់គ្លេសបានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សដល់កម្ពុជា សម្រាប់មកធ្វើការអភិវឌ្ឍប្រទេសជាតិវិញ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យចក្រភពអង់គ្លេស ជំរុញវិនិយោគិន ឱ្យមកវិនិយោគបន្ថែម លើវិស័យកសិកម្មក្នុងខេត្តព្រៃវែង និងបង្កើតរោងចក្រកែឆ្នៃអង្ករនាំចេញ ដោយលោកអភិបាលខេត្ តបានជម្រាបជូន លោក Bill Longhurst អំពីសក្តានុពលរបស់ខេត្ត គឺវិស័យកសិកម្ម លើដំណាំស្រូវ ហើយក៏ជាខេត្តមួយ ដែលបានផលិតស្រូវច្រើនជាងគេ ក្នុងចំណោមខេត្តផ្សេងៗទៀត។
ដោយឡែក លោក Bill Longhurst បានឆ្លើយតបថា លោកនឹងខិតខំស្វែងវិនិយោគិនអង់គ្លេស និងជំរុញពួកគាត់ឱ្យមកវិនិយោគ ក្នុងខេត្តព្រៃវែង លើវិស័យកសិកម្ម និងដើម្បីបង្កើតរោងចក្រកែឆ្នៃអង្គរ សម្រាប់នាំចេញទៅលក់ នៅក្រៅប្រទេស តាមសំណើរបស់ លោកអភិបាលខេត្តព្រៃវែង៕