(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត សឹង សំណាង សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹងការងារស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយលទ្ធផលមហាសន្និបាតបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី៩ និង១០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ក្រៅតែពីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតបក្សហើយនោះ លោកបណ្ឌិត សឹង សំណាង ក៏បានដាក់ចេញផែនការមួយចំនួន ដល់សមាជិក សមាជិកា ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកផងដែរ។
ក្នុងកិច្ចប្រជុំព្រឹកមិញនេះ មានការចូលរួមពីសមាជិកគណៈកម្មការកណ្ដាលប្រចាំខេត្តកំពង់ឆ្នាំង ប្រធានគណបក្សស្រុកកំពង់លែង ប្រធានគណបក្សភូមិឃុំ ប្រធានក្រុមប្រឹក្សាភូមិឃុំ យុវជន យុវនារីគណបក្សភូមិឃុំ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែងចំនួន៤៦០នាក់។
នៅចំពោះមុខសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា លោកបណ្ឌិត សឹង សំណាង បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។
លោកបណ្ឌិត ក៏បាននាំការសួរសុខទុក្ខពីលោក វង្សី វិសុទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សស្រុកកំពង់លែង។
ក្រៅតែពីបង្ហាញលទ្ធផលមហាសន្និបាតបក្ស និងលើកផែនការមួយចំនួនត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកហើយនោះ លោកបណ្ឌិត សឹង សំណាង បានបញ្ជាក់បន្ថែមពីគោលដៅយុទ្ធសាស្ត្រ និងគោលនយោបាយជាអាទិភាពមួយចំនួននៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមមានការការពារសន្តិភាព បូរណភាពដែនដី និងឯករាជ្យជាតិ ការកសាងកម្ពុជាតាមគន្លងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស កសាងសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព។ ការអនុវត្តការគាំពារសង្គមប្រកបដោយប្រសិទ្ធភាពនិងជំរុញប្រទេសកម្ពុជាជាប្រទេសគ្មានមីន។
លោក បានបន្តថា គោលនយោបាយជាអាទិភាព ដ៏សំខាន់ទៀតនោះ គឺត្រូវថែរក្សាមរតកសន្តិភាពដែលបាននាំមកដោយសម្ដេចតេជោ ហ៊ុន សែន ។
លោកបណ្ឌិត បានផ្តល់អនុសាសន៍ទាក់ទងទិសដៅការងារគណបក្ស ដែលត្រូវធ្វើបន្តរួមមានការរក្សាកម្លាំងនយោបាយរបស់គណបក្ស ជាពិសេសកម្លាំងប្រជាពលរដ្ឋ ពង្រឹងការងារត្រួតពិនិត្យគណបក្សគ្រប់ថ្នាក់ និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកបណ្ឌិត ក៏បានណែនាំពីការរៀបចំខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា និងខួបលើកទី២៥ នៃថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ ឈ្នះ ឱ្យកងរំពង។
ក្នុងពិធីនាព្រឹកមិញនេះ លោកបណ្ឌិត សឹង សំណាង បានលើកឡើងបង្ហាញពីការវិវឌ្ឍន៍ស្ថានភាពនយោបាយតំបន់ និងពិភពលោក ដែលបង្កទៅជាវិបត្តិជាច្រើនលើពិភពលោកនាពេលបច្ចុប្បន្ន៕