(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើដោយផ្ទាល់មាត់ ឲ្យចៅក្រមចេញ ដីកាស្វែងរកចាប់ខ្លួនមេខ្លោង ៤នាក់ ដែលកំពុងរត់គេចខ្លួន ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា ។

ការស្នើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ខណៈតុលាការបើកសវនាការកាត់ទោស ជនជាប់ចោទ៤នាក់ ពាក់ព័ន្ធករណីក្លែងត្រាផ្លូវការ នៃព្រះរាជាណាចក្រកម្ពុជា និង ក្លែងឯកសារសាធារណៈ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងឯកជនសរុបជាង មួយពាន់ត្រាប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ។

លោក ចែ សុង ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការនាពេលសវនាការ សម្រេចតម្កល់ការចោទប្រកាន់ លើជនជាប់ចោទទាំង៤នាក់ ដែលកំពុងមានវត្តមាន ទុកជាបានការដដែល ។ ក្នុងនោះ លោក ចែ សុង ស្នើឲ្យចៅក្រមចេញដីកាស្វែងរក ចាប់ខ្លួនមេខ្លោង ៤នាក់ដែលកំពុង រត់គេចខ្លួនផងដែរ ។ ជនជាប់ចោទក្នុងឃុំទាំង៤នាក់មានឈ្មោះ ស៊ុ ឧត្តមរស្មី ឈ្មោះ នៅ សុខន ឈ្មោះ ញ៉េប សុវណ្ណា និង ឈ្មោះ ជុង ម៉េង ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល ពេញមួយរសៀលថ្ងៃទី២៣ ខែសីហា លោក វ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលប្រកាស សាលក្រមទៅថ្ងៃក្រោយ ដោយពុំទាន់កំណត់ កាលបរិច្ឆេទច្បាស់លាស់៕