(ភ្នំពេញ)៖ បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ មូហាម៉េដ បានបង្ហាញជំហរដ៏ច្បាស់លាស់របស់រដ្ឋាភិបាលម៉ាឡេស៊ីថា នឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងយកទឹកដីម៉ាឡេស៊ី ជាមូលដ្ឋានធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
លោក ដាតុ មូហាម៉េដ បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនេះលោក ដាតុ មូហាម៉េដ អាហ្សាម បេសកជនពិសេសរបស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម បាននាំការសាកសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងបានសំដែងការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា។
លោកបេសកជនពិសេសបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងរយៈពេលកន្លងមកនេះ និងបានប្រែក្លាយកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសរាជធានីភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈ និងក្លាយជារាជធានីដ៏ទំនើប។
លោកបេសកជនពិសេសបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត។ លោកបេសកជនពិសេសបានអះអាងថា ម៉ាឡេស៊ី មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ញើការសាកសួរសុខទុក្ខសម្ដេច។
តាមរយៈបេសកជនពិសេស, សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ផងដែរ។ ក្នុងជំនូបនេះ សម្ដេចតេជោ បានជម្រាបអំពីសភាពការណ៍ថ្មីៗ និងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ជូនបេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា។
សម្ដេចតេជោបានថ្លែងអំណរគុណរដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍មូស្លីមនៅកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការប្ដេជ្ញាចិត្តបានអនុញ្ញាតមិនឱ្យក្រុមជ្រុលនិយម ប្រើប្រាស់ទឹកដីដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា៕