(កំពង់ធំ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេ សនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានធ្វើការប្ដេជ្ញាចិត្តថា រដ្ឋបាលខេត្ត នឹងបន្តការខិតខំប្រឹងប្រែងពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាពជំនាញ ពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រមូលផ្ដុំទស្សនៈបញ្ញាញាណដើម្បី ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋមូលដ្ឋានសំដៅរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សុខុមាលភាព និងវិបុលសុខជូនប្រជាជនទូទាំងខេត្តកំពង់ធំ។

អង្គសន្និបាតក៏មានការអានសេចក្ដីសម្រេចលេខ២១២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចំនួន១០៦រូប ដែលមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ជាប្រធាន និងលោក ងួន រតនៈ ជាអនុប្រធានអចិន្រ្តៃយ៍។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិឲ្យឈានឆ្ពោះទៅ សម្រេចបានចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

លោកថា នេះគឺជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូល នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ទន្ទឹមនឹងសមិទ្ធផលដែលខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដោយលោកទេសរដ្ឋមន្ត្រី បានដាក់ចេញទិសដៅសំខាន់ៗចំនួន១២ចំណុចសម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់អនុវត្ត៖

*ទី១៖ ការការពារសន្ដិភាព និងការពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ
*ទី២៖ ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង
*ទី៣៖ បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព
*ទី៤៖ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា
*ទី៥៖ ពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
*ទី៦៖ ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ
*ទី៧៖ លើកកម្ពស់ការផ្តល់សេវាសាធារណ
*ទី៨៖ ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
*ទី៩៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត
*ទី១០៖ ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី
*ទី១១៖ ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល
*ទី១២៖ ការពង្រឹងរបៀបរបបការងារ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍ មូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ទេសរដ្ឋមន្រ្តី ថោង ខុន បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តខិតខំអនុវត្តការងារឆៀលដីនៅតំបន់៣ តំបន់២ នៅតំបន់ក្រុងស្រុកគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋមានសឹទ្ធិកាន់កាប់ និងអាស្រ័យផលបន្តអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ខិតខំជំរុញទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារ មុខរបរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ខិតខំដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ និងបន្តខិតខំធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា៕