(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ អញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ជូនមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក ក្រុង និងមណ្ឌលសុខភាពក្នុងខេត្ត ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្នុងឱកាសនោះ លោក គង់ គឹមនី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក វ៉ា ថន អភិបាលខេត្ត ចំពោះបុគ្គលិកពេទ្យមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក ក្រុង និងមណ្ឌលសុភាពក្នុងខេត្តទាំងអស់។ លោកថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារៈ និងគ្រឿងបរិក្ខាដែលបម្រើដល់វិស័យសុខាភិបាល ធ្វើយ៉ាងណាឲ្យមានគុណភាព និងមានសុវត្ថិភាពខ្ពស់។

លោកអភិបាលរង បន្តទៀតថា លោកទាំងពីរតែងតែបានផ្តល់នូវសម្ភារបរិក្ខាពេទ្យ ជូនដល់រដ្ឋបាលខេត្ត សម្រាប់បម្រើដល់ការព្យាបាល និងថែរក្សាសុខភាពប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តក្រចេះ។ លោកសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្ត ព្រមទាំងណែនាំឲ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា​ ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌៕