(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពសម្រាប់ខេត្តរតនគិរី។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីស្ដាប់នូវការធ្វើរបាយការណ៍ស្តីពីស្ថានភាពភូមិសាស្រ្ត ស្ថានភាព សេដ្ឋកិច្ចសង្គម និងស្ថានភាពសន្តិសុខសណ្តាប់សារធារណៈ និងការរីកចម្រើនក្នុងខេត្តពីសំណាក់ លោក ញ៉ែម សំអឿន រួចមកលោក ប៉ាវ ហមផាន បានលើកឡើងថា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាគោលនយោបាយជាអទិភាព សំដៅលើកកម្ពស់ការចូលរួម ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងភូមិ ឃុំ សង្កាត់ទូទាំងប្រទេស។

លោកបន្ថែមថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបាវចនា គឺដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអទិភាពជាគន្លឺះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោកបានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗក្នុងភូមិសាស្រ្តខេត្តរតនគិរី៕