(ភ្នំពេញ)៖ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ទណ្ឌិតម្នាក់ដែលត្រូវបានឃុំខ្លួនលើសអាយុទោសនោះ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ។
សូមជម្រាបថា ទណ្ឌិតម្នាក់ឈ្មោះ ហេង ធា អាយុ២៧ឆ្នាំ ត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) លើសអាយុទោសដែលតុលាការបានកំណត់មានរយៈពេលជិត ២០ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។
ទណ្ឌិតម្នាក់ឈ្មោះ ហេង ធា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ តាមព័ត៌មានពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា អ្នកទោសរូបនេះត្រូវបានកាត់ទោស និងឃុំខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែថ្ងៃខែខាងក្រោមត្រូវបានសរសេរដាក់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ពោលបានច្រឡំឆ្នាំពី២០២០ មកឆ្នាំ២០២១។
បើគិតតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ពេលទណ្ឌិតរូបនេះ បានជាប់ពន្ធនាគារលើសអាយុទោសជិត ២០ថ្ងៃបាត់ទៅហើយ៕