(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មានមួយ ទាត់ចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលអន្តរជាតិចំនួន៦ ដែលបានអះអាងថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះ។

ការចេញមុនមកច្រានចោលរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការដាក់លិខិតពីអង្គការចំនួន៦ទៅកាន់សភាអាម៉េរិក អឺរ៉ុប កាណាដា អូស្ត្រាលី នូវែសេឡង់ អង់គ្លេស និងជប៉ុន។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦នោះ ផ្តោតសំខាន់តែរឿងអតីតគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងសកម្មជននយោបាយ ហើយរឿងនេះ គឺជារឿងចាស់ដដែលៗ។ ចំពោះចំណាត់ការ គឺលោកធ្វើសន្និសីទបំភ្លឺដល់សាធារណជនឱ្យបានដឹងពីការខិតខំរបស់រាជរដ្ឋាភិបាលជុំវិញការអនុវត្តនីតិរដ្ឋកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងធ្វើលិខិតបំភ្លឺទៅកាន់សភាទាំង៧ ដែលអង្គការទាំង៦ បានដាក់លិខិតទៅ។

សូមជម្រាបថា អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦ ដែលចោទប្រកាន់ពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនេះ គឺរួមមាន បណ្តាញសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស, បណ្តាញប្រជាធិបតេយ្យអាស៊ី , វេទិកាអាស៊ានដើម្បីការអភិវឌ្ឍសិទ្ធិមនុស្ស, បណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី, សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ។ អង្គការសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះ ដោយពួកគេបានលើកឡើងពីរឿងរំលាយអតីតគណបក្សសង្គ្រោះជាតិ និងបញ្ហាដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោតនៅអាណត្តិទី៧នេះ។

ចំពោះបញ្ហាដែលអង្គការសង្គមស៊ីវិលទាំង៦ បានអំពាវនាវឲ្យដោះលែងអ្នកទោសដែលពួកគេចាត់ទុកថា ជាអ្នកទោសនយោបាយនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឆ្លើយតបទៅវិញថា៖ «ខ្ញុំសូមជម្រាបថា អត់មានទាក់ទងអ្នកទោសនយោបាយទេ គឺអ្នកទោសនយោបាយប្រព្រឹត្តបទល្មើសខុសច្បាប់»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺអ្នកទោសទាំងនោះ បានគប់គិតរឿងក្បត់ជាតិ និងប្រមាថដល់ព្រះមហាក្សត្រ ដូច្នេះហើយ ត្រូវតែទទួលទោស។ មិនតែប៉ុណ្ណោះ បុគ្គលនយោបាយទាំងនោះ ក៏បានអំពាវនាវឱ្យមានការងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល និងមានការញុះញង់ទាក់ទងការរើសអើងជនជាតិវៀតណាមថែមទៀតផង។

ជាមួយគ្នានេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាស និងសេចក្តីសុខសម្រាប់ខ្លួនឯង។

«អង្គការសង្គមស៊ីវិលទាំងនោះ ចោទប្រកាន់ខុសពីការពិត និងយកតែរឿងចាស់មកនិយាយ។ បើទោះបីជារាជរដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ ប៉ុន្តែបើគ្មានការចូលរួមពីពលរដ្ឋទេ ក៏កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមនេះ ក៏មិនអាចរុងរឿងបានដែរ»។ នេះការបញ្ជាក់បន្ថែមរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី៕