(ភ្នំពេញ)៖ លោកកិត្តិយបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ចេញវណ្ណកម្មមួយក្រោមចំណងជើងថា «ប្រវត្តិជីវិត» ដែលរៀបរាប់ពីជីវិតរបស់លោកតាំងពីការកុមារភាពក្នុងគ្រួសារកម្មករ ដ៏ក្រលំបាក និងជាក្មេងវត្តនៅជនបទ រហូតដល់បច្ចុប្បន្ន ពោលគឺដែលផ្សារភ្ជាប់នឹងការបម្រើប្រទេសជាតិប្រមាណ ៦០ឆ្នាំកន្លងមក។
សៀវភៅនេះ មានចំនួន ១៤៨ទំព័រ និងចែកជា ៤ជំពូក រួមមាន៖
* ជំពូកទី១ និយាយពីកុមារភាព និងការសិក្សា
* ជំពូកទី២ និយាយពីអ្នកការទូតជំនាន់ «សង្គមរាស្ត្រនិយម»
* ជំពូកទី៣ និយាយពីការជាប់គុកខ្មែរក្រហម
* និងជំពូកទី៤ និយាយពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩។
សៀវភៅ «ប្រវត្តិជីវិត» របស់លោក ហោ ណាំហុង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កោតសរសើរ ដោយមានចំណាប់អារម្មណ៍ ដូចខាងក្រោម៖
ជូនបង ហោ ណាំហុង ជាទីគោរពស្រឡាញ់! ខ្ញុំបានទទួលព័ត៌មានថា បងសរសេរសៀវភៅទាក់ទងនឹងប្រវត្តិជីវិតរបស់បង។ ច្បាស់ណាស់ ជីវប្រវត្តិរបស់បងបានផ្សារភ្ជាប់ជាមួយការងារប្រទេសប្រមាណ ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ៤៥ឆ្នាំបានកន្លងហួស បន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការងាររវាងបង និងខ្ញុំដែលបានហែលឆ្លងលើការងារការបរទេសស្ទើរគ្រប់វេទិកា និងស្ទើរគ្រប់បញ្ហាដែលទាក់ទងដល់កម្ពុជា ដល់តំបន់ និងអន្តរជាតិ សូម្បីតែសព្វថ្ងៃនេះបង និងខ្ញុំក៏នៅបន្តពិគ្រោះយោបល់គ្នាលើបញ្ហាដែលកើតមានក្នុងតំបន់ និងអន្តរជាតិ ទោះបង និងខ្ញុំមិនស្ថិតនៅក្នុងរាជរដ្ឋាភិបាលទៀតក៏ដោយ។
ក្រៅពីទំនាក់ទំនងការងារ គ្រួសារយើងទាំងពីរមានទំនាក់ទំនងដ៏ពិសេសដែលខ្ញុំមិនមានករណីបែបនេះច្រើននោះទេ។ បងស្រី ដែលជាភរិយារបស់បង និងភរិយាខ្ញុំ តែងធ្វើដំណើរចេញទៅបរទេសជាមួយគ្នា និងស្រឡាញ់គ្នាដូចបងបង្អូន។ ករណីដែលខ្ញុំចងចាំមិនអាចបំភ្លេចបានគឺ ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែសុំទៅលេងផ្ទះបងជាច្រើនដង និងច្រើនថ្ងៃ រហូតពេលខ្លះ មួយសប្តាហ៍ ដែលត្រូវបានបងស្រី និងលោកយាយម្តាយបង មើលថែបានយ៉ាងល្អ។ ក្រៅពីនេះ នៅមាន ហ៊ុន ម៉ាណា ខ្ញុំបានយកទៅផ្ញើបង នៅស្ថានទូតនៅទីក្រុងម៉ូស្គូ ក្នុងពេលខ្ញុំធ្វើដំណើរបំពេញទស្សនកិច្ច នៅទ្វីបអាហ្វ្រិក ឆ្នាំ១៩៨៤ ដែលត្រូវបានបង និងបងស្រីមើលថែពេល ម៉ាណា ទើបមានអាយុជាង ៣ឆ្នាំ។
ខ្ញុំលើកយកបញ្ហាគ្រួសារមកនិយាយ ចង់បញ្ជាក់ថា ទំនងទំនងរវាងយើងមិនត្រឹមតែក្នុងការងារប៉ុណ្ណោះទេ តែនៅមានទំនាក់ទំនងរវាងគ្រួសារទាំងពីរទៀតផង។
ក្នុងឋានៈជាបញ្ញាវន្តខាងការទូត ដែលសេសសល់ពីការកាប់សម្លាប់ នៃរបប ប៉ុល ពត បងបានរួមចំណែកយ៉ាងធំក្នុងកិច្ចការបរទេសរបស់កម្ពុជា (ជាប្រធានអាស៊ាន ២លើក ២០០២ និង ២០១២) និងក៏ជាអ្នកចរចាដ៏ស្វិតស្វាញ និងជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ១៩៩៣ ផងដែរ។
ករណីប្រាសាទព្រះវិហា (២០០៨-២០១១) បងជាអ្នកចេញមុខតតាំងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។ រឿងរ៉ាវច្រើនណាស់ តែខ្ញុំសង្ខេបតែប៉ុណ្ណេះ។
សៀវភៅដែលបងនឹងចេញផ្សាយនឹងផ្តល់ជាប្រយោជន៍ សម្រាប់អ្នកអាន ពិសេសយុវជនជំនាន់ក្រោយ បានយូលនូវហេតុការណ៍ ដែលបានកើតឡើង។ សូមបងទទួលនូវការគោរពស្រឡាញ់ពីខ្ញុំ៕