(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្មចូលរួមជំរុញការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ រួមទាំងត្រូវជួយពង្រឹងសមត្ថភាពអ្នកផលិត ដើម្បីធានាបាននូវគុណភាព និងភាពជឿជាក់មកលើផលិតផលខ្មែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣​ និងលើកទិសដៅបន្តឆ្នាំ២០២៤របស់ក្រសួងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនារសៀលថ្ងៃទី២២ ខែធ្នួ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ សម្ដេចធិបតីបានសង្ក់តធ្ងន់លើវិស័យពាណិជ្ជកម្មក្នុងស្រុក ដោយបានណែនាំដល់ក្រសួងពាណិជ្ជកម្មត្រូវបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់រវាងអ្នកផលិត និងអតិថិជន-អ្នកប្រើប្រាស់ឱ្យបានច្រើន ដើម្បីកាត់បន្ថយនូវការនាំចូល រួមចំណែកលើកកម្ពស់ផលិតផលខ្មែរ តួយ៉ាងសម្តេចធិបតីក៏បានបង្ហើបពីការរៀបចំគោលការណ៍ទិញគ្រឿងសង្ហារឹមដែលផលិតក្នុងស្រុក សម្រាប់ប្រើប្រាស់ក្នុងការិយាល័យតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋ ដែលនឹងក៏ជាការគាំទ្រផលិតផលខ្មែរផងដែរ។

សម្ដេចធិបតីបានបន្តណែនាំឱ្យក្រសួងពាណិជ្ជកម្មរៀបចំប្រព័ន្ធទីផ្សារប្រកបដោយប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នា រួមទាំងការរៀបចំថ្នាលឌីជីថលរវាងអ្នកលក់និងអ្នកទិញឱ្យបានទូលំទូលាយ។

អ្វីដែលសំខាន់ទៀតនោះ គឺការជួយពង្រឹងសមត្ថភាពនិងគុណភាពផលិតក្នុងស្រុក ពិតណាស់យើងត្រូវគាំទ្រផលិតផលក្នុងស្រុក តែយើងក៏ត្រូវទទួលខុសត្រូវដែរថា ថវិកាជាតិដែលយកទៅទិញផលិតផលក្នុងស្រុកនោះមានការធានាគុណភាពបានយ៉ាងម៉េច ដូច្នេះត្រូវទាមទារលើកកម្ពស់សមត្ថភាពរបស់អ្នកផលិត ជៀសវាងការខូចខាតលឿនដែលនាំឱ្យមានការបញ្ហាខាតបង់។

ម្យ៉ាងវិញទៀត ក្រសួងពាណិជ្ជកម្មក៏ត្រូវធានាភាពជឿជាក់ពីអតិថិជនទាំងក្នុងនិងក្រៅប្រទេសមកលើផលិតផលកម្ពុជា តាមរយៈការបប្រតិបត្តិតាមក្របខណ្ឌលិខិតបទដ្ឋាន ក្រមសីលធម៌ និងគោលការណ៍សេដ្ឋកិច្ចទីផ្សារ។ ផលិតផលខ្មែរត្រូវធានាគុណភាព គុណភាពកម្រិតណាគឺកម្រិតហ្នឹង កុំឱ្យមានផលិតផលក្លែងក្លាយ៕