(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ស្ថាប័នរដ្ឋ ឲ្យកាត់បន្ថយភាពស្មុគស្មាញទាំងឡាយ ពាក់ព័ន្ធការរកស៉ីរបស់វិស័យឯកជន ខណៈរដ្ឋត្រូវដើរតួនាទីបើកច្រកសម្រាប់វិស័យឯកជន ហើយត្រូវផ្តល់ឱកាសឲ្យវិស័យឯកបានចូលរួម។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សុំធ្វើយ៉ាងណាគិតគូរ អំពីការរៀបចំនៅក្នុងយុទ្ធការ ដើម្បីចូលរួមទាំងការ ទៅគោះទ្វារគេ ការគោះទ្វារគេនេះ គឺដាច់ខាតត្រូវតែមានវិស័យឯកជនទៅជាមួយ [...] កាត់បន្ថយនូវតម្រូវការ ឬលក្ខខណ្ឌ បទដ្ឋានគតិយុត្ត ឬបច្ចេកទេសណា ដែលធ្វើឲ្យលំបាកដល់ការអនុវត្តរបស់វិស័យឯកជន តែស្មុគស្មាញពេកគាត់ធ្វើអត់កើត»

បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវពង្រឹងការធ្វើអភិបាលកិច្ចអភិវឌ្ឍវិស័យឯកជន ដោយខិតខំកសាងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម សហគ្រាសឯកជន។

ជាមួយគ្នានេះ ត្រូវបង្កើនការគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុក និងជាមួយអន្តរជាតិ តាមរយៈការពង្រឹង ការកែលម្អ និងការដាក់ចេញបន្ថែមទៀតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌ទាក់ទងនឹងអភិបាលកិច្ចក្រុមហ៊ុន និងសហគ្រាសឯកជន កិច្ចការប្រកួតប្រជែង ការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីម្ហូបអាហារ ដើម្បីរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយធ្វើយ៉ាងណាឲ្យបរិយាកាសពាណិជ្ជកម្ម មានលក្ខណៈស្មើភាព និងយុត្តិធម៌។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យពង្រឹងការទប់ស្កាត់ការហូរចូលទំនិញខុសច្បាប់ ទំនិញខូច ឬអន់គុណភាព និងការធ្វើពាណិជ្ជកម្មផ្ទុយនឹងគោលការណ៍ច្បាប់ ដើម្បីចូលរួមលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រីកផលិតកម្មក្នុងស្រុកស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ។ កិច្ចការងារនេះ ជាកិច្ចការសំខាន់ រូបមន្តភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គឺជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវជំរុញឲ្យបានច្រើន៕