(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវរូបមន្តចំនួន២ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងការរកទីផ្សារសម្រាប់ផលិតផលរបស់កម្ពុជា គឺទី១ ផលិតផលជាអ្នកកំណត់ និងទី២. គឺតម្រូវការទីផ្សារជាអ្នកកំណត់ ដើម្បីជំរុញនូវការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ២០២៣។
សម្តេចបានពន្យល់ពីរូបមន្តទាំងពីរនេះថា រូបមន្តទី១ គឺផលិតផលជាអ្នកកំណត់ ដែលមានន័យថា ផលិតផលនោះគឺជាផលិតផលពិសេស ដោយផ្អែកទៅលើលក្ខណៈភូមិសាស្រ្ត អ្នកណាក៏មិនអាចផលិតបានឡើយ។ ឧទាហរណ៍ផលិតផលម្រេចកំពត ជាដើម ដែលជាផលិតចុះបញ្ជាក់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) គឺមិនអាចមានប្រទេសណាផលិតបានឡើយ មានតែនៅកម្ពុជាក្នុងខេត្តកំពតប៉ុណ្ណោះ។ ដូច្នេះហើយ កម្ពុជាត្រូវពង្រឹងទៅលើការផលិត ផលិតផលនេះ បន្ទាប់មកដើររកទីផ្សារនៅតាមបណ្តាប្រទេសផ្សេងៗ។
រូបមន្តទី២គឺតម្រូវការទីផ្សារជាអ្នកកំណត់ ពោលគឺត្រូវស្វែងរក និងកំណត់ទីផ្សារបានហើយ ទើបមកតម្រង់ទិសការផលិត ដើម្បីឱ្យជាប់ទីផ្សារ។ ប៉ុន្តែសម្រាប់រូបមន្តនេះ ប្រទេសផ្សេងៗក៏មានផលិតផលទាំងនោះភាគច្រើនផងដែរ។
លោកមានប្រសាសន៍បន្តថា«អ៊ីចឹងពីរនេះរូបមន្តដែលយើងត្រូវធ្វើ។ ឧទាហរខ្ញុំទៅអារ៉ាប់ ព្រះអង្គម្ចាស់ដែលមកទទួលខ្ញុំនៅព្រលានយន្ត ខ្ញុំសួរស្គាល់ទេកម្ពុជា? (គាត់ថា) អត់ដែលទៅទេ តែស្គាល់ខ្លឹមច័ន្ទ។ ខ្លឹមច័ន្ទប្រេនពីកម្ពុជាមានទីផ្សារនៅនោះ ។ អានេះគឺផលិតផលជាធំ ដែលយើងខំផលិតហើយរកទីផ្សារឱ្យ ព្រោះជាលក្ខណៈពិសេសរបស់យើង។អ៊ីចឹងការរុញទៅក្រៅ គឺមាន២ផ្អែកទៅលើនេះ»។
ទន្ទឹមគ្នានេះ សម្តេចថែមទាំងបានណែនាំដល់ ក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ក្នុងការបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងសមូហភាពឱ្យបានកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុកនិងនៅកៅប្រទេសប្រទេស ដោយត្រូវរៀបចំផែនការសម្រាប់កាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេសនៅពេលដែលកម្ពុជាអាចផលិតបាន។ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មត្រូវបន្តផ្សព្វផ្សាយព័ត៌មាន និងលក្ខខណ្ឌនានាទៅកាន់គ្រប់ផលិតករ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ៕