(ភ្នំពេញ)៖ ទណ្ឌិតម្នាក់ឈ្មោះ ហេង ធា អាយុ២៧ឆ្នាំ ត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) លើសអាយុទោសដែលតុលាការបានកំណត់មានរយៈពេលជិត ២០ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ទាក់ទិនដល់រឿងទណ្ឌិត ដែលត្រូវបានតុលាការឃុំខ្លួនលើសអាយុទោសនេះ លោក ឆាយ ហុង ហុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងទទួលបន្ទុកកិច្ចការពន្ធនាគារ (រាជធានីភ្នំពេញPJ) បានឆ្លើយអ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ យ៉ាងដូច្នេះថា «ករណីនេះពន្ធនាគារកំពុងពិនិត្យ»។

សូមបញ្ជាក់ថា ទណ្ឌិតម្នាក់ឈ្មោះ ហេង ធា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ តាមព័ត៌មានពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា អ្នកទោសរូបនេះត្រូវបានកាត់ទោស និងឃុំខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែថ្ងៃខែខាងក្រោមត្រូវបានសរសេរដាក់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ពោលបានច្រឡំឆ្នាំពី២០២០ មកឆ្នាំ២០២១។

បើគិតតាំងពីថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ពេលទណ្ឌិតរូបនេះ បានជាប់ពន្ធនាគារលើសអាយុទោសជិត ២០ថ្ងៃបាត់ទៅហើយ ប៉ុន្តែមិនទាន់ត្រូវបានដោះលែងនៅពន្ធនាគារនោះទេ៕