(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច របស់រាជរដ្ឋាភិបាល ត្រួតពិនិត្យនិងដោះស្រាយបញ្ហារដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរតាមព្រំដែន ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើងនៅតាមបណ្ដាយព្រំដែន។

នៅក្នុងឱកាសនេះលោក គីម រិទ្ធី បានថ្លែងប្រាប់កិច្ចប្រជុំស្តីពីជំនួបទ្វេរភាគី និងកិច្ចប្រជុំផ្សេងៗ រវាងខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជធានី ក៏ដូចជាជំនួបទ្វេរភាគីរវាងថ្នាក់ស្រុក និងថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ឃុំ តែងតែជួបគ្នាជាញឹកញាប់ និងផ្លាស់ប្តូរព័ត៌មានគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ។

អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ជំនួបទាំងនោះ បានធ្វើឲ្យទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ប៉ុន្តែទោះបីជាទំនាក់ទំនងរវាងខេត្តទាំងពីរ មានទំនាក់ទំនងល្អ ជិតស្និទ្ធិ និងសម្រេចបានលទ្ធផលរួមគ្នាជាច្រើនក៏ដោយ ក៏នៅមានចំណុចមួយចំនួន ដែលទាមទារឱ្យភាគីទាំងពីរត្រូវបន្តអនុវត្ត ពិសេសកិច្ចព្រមព្រៀងផ្សេងៗ ព្រមទាំងកំណត់ហេតុកិច្ចសហប្រតិបត្តិការ ដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោក សៀក សុជាតិ បានថ្លៃងថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារព្រំដែន លោកក៏បានដាក់ចេញវិធានការពាក់ព័ន្ធ នឹងការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។ ចំពោះច្រករបៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារ ត្រូវបិទមិនឱ្យដំណើរការទាំងអស់ចៀសវាងកុំឱ្យមានការឆ្លងដែនខុសច្បាប់។

លោក សៀក សុជាតិ ថ្លែងដោយដាក់ចេញវិធានការ ការកែសម្រួលសាងសង់អគារដ្ឋបាលច្រកចេញចូលតែមួយ នៅច្រកទ្វារព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ នឹងសង់លំនៅដ្ឋានជូន ប្រជាពលរដ្ឋចំនួន៥៥គ្រួសារ ដែលរស់នៅច្រកទ្វារតំបន់ព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ពួកគាត់អាចសាងសង់លំនៅដ្ឋាននៅទីនោះបាន។

បន្ថែមពីនេះលោក សៀក សុជាតិ ណែនាំឱ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន ត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួលដល់ដំណើរចេញចូលរបស់ពលករខ្មែរ ហើយត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ៕