(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឱ្យក្រសួងស្ថាប័នជំនាញ និងអ្នកនាំចេញផងដែរ ត្រូវប្រឹងប្រែងថែរក្សាទីផ្សារទំនិញ និងផលិតផលរបស់កម្ពុជា ដែលកំពុងមានស្រាប់ និងត្រូវពង្រីកទីផ្សារបន្ថែមទៀត ដើម្បីឱ្យទំនិញកម្ពុជានាំចេញបានកាន់តែច្រើន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការបាត់បង់ទីផ្សារមិនមែនជាបច្ច័យល្អឡើយ សម្រាប់ផលិតផលកម្ពុជា ដូច្នេះត្រូវធ្វើយ៉ាងណា កុំឱ្យបាត់ទីផ្សារដោយសារអ្នកលក់ ដែលសំដៅដល់ការបាត់ជំនឿទុកចិត្តរបស់អ្នកទិញ មកលើផលិតផលដោយសារបញ្ហាគុណភាព។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ពាក្យនេះស្រួលនិយាយតែពិបាកធ្វើ។ ទី១-ការរក្សាទីផ្សារ មិនមែនយើងចូលធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយ គេរក្សាការទិញទំនិញយើងរាប់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សា Brand ហើយនេះជាកិច្ចការមួយ ដែលត្រូវយកចិត្តទុកដាក់។ ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ ផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ ពេលអត់ទាន់បានទីផ្សារមិនអីទេ តែបានហើយបាត់ទៅវិញ វាមានបច្ច័យអាក្រក់ បើបាត់ដោយសារកត្តាអ្នកទិញរឿងមួយ តែកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ [...] ទី២- បង្កើននូវមុខទំនិញដែលយើងនាំចេញ បានន័យថាទ្វារយើងបើកហើយ ដែលជាទូទៅគេមិនដែលឱ្យយើង១០០% ទេ គេឱ្យជាជំហ៊ាន អីចឹងពេលដែលយើង ថែរក្សានូវគុណភាពនៃទំនិញ ផលិតផល និងភាពជឿទុកចិត្តលើផលិតផលរបស់កម្ពុជា យើងផ្តល់ឱកាសទៅលើការពង្រីកបន្ថែម»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងបើកទីផ្សារថ្មីៗសម្រាប់ទំនិញ និងផលិតផលរបស់កម្ពុជា។

ជាក់ស្តែង ទោះបីឆ្នាំ ២០២៣នេះ កម្ពុជាបានប្រឈមនៅកាលទេសលំបាកៗជាច្រើន ពីស្ថានការណ៍តំបន់ និងពិភពលោក ប៉ុន្ដែរាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាស ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA) ដែលទាំងអស់នេះ គឺការងារពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា។

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ សម្រេចបានជាង ៤៣ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមានចំនួន ២១ពាន់លានដុល្លារកើនឡើង ៤.០៨%៕