(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ បន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ត្រ ទំនិញ និងម៉ាកសមូហភាព។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ ក្នុងការបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ត្រ ទំនិញ និងម៉ាកសមូហភាព ឱ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជានៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដោយត្រូវរៀបចំយុទ្ធសាស្ត្រ កាត់បន្ថយ ការនាំចូលទំនិញពីក្រៅប្រទេស ចំពោះទំនិញដែលកម្ពុជាអាចផលិតបាន»។

ជាមួយគ្នានេះ សម្តេចធិបតី បានប្រាប់ដល់ក្រសួងពាណិជ្ជកម្ម ត្រូវបន្តផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និងលក្ខខណ្ឌនានា ទីកាន់គ្រប់ផលិតករ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវចូលរួមជំរុញការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ ការដាក់ប្រចាំការនូវតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតាមបណ្តាប្រទេសដែលមានសក្ដានុពល ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា ១១ខែ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ ម៉ាក៕