(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ ភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងភាពទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូចនេះ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា និងត្រូវសិក្សាផងដែរអំពីផលប៉ះពាល់ អំពីការបាត់បង់ភាពអនុគ្រោះ និងការបាត់បង់ប្រព្រឹត្តិកម្មពិសេស និងអនុគ្រោះដោយឡែក បន្ទាប់ពីកម្ពុជាចាគចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (Least | Developed Country-LDC) ជាពិសេសនៅក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាអាចនឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៧ខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការអភិវឌ្ឍប្រទេសកម្ពុជា គឺមានមុខ២ ដែលជាក់ស្តែងពេលប្រទេសនៅក្រ គេជួយយើងដោយមិនទាន់រឹងដៃជើង ហើយដល់ពេលយើងរឹងដៃជើងគេនឹងឱ្យយើងរៀនរស់ដោយខ្លួនឯង ដែលនេះហើយជារឿងចាំបាច់ដែលយើងត្រូវធ្វើ ដោយមិនអាចផ្តេកផ្តូលលើគេរហូតនោះទេ ហើយយើងក៏មិនអាចដោយសារគេឱ្យលក្ខខណ្ឌល្អ យើងមិនខំអភិវឌ្ឍខ្លួនឯងនោះទេ ក្នុងនោះដែរបើយើងមិនខំប្រឹងនោះទេ យើងមិនក្លាយជាប្រទេសដែលមានជីវភាពកម្រិតខ្ពស់បាននោះទេ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ច និងធុរកិច្ច ឌីជីថល ជាពិសេសការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការគាំទ្រ និងការលើកទឹកចិត្តឱ្យផលិតករកម្ពុជាឈានចូលថ្នាលទីផ្សារឌីជីថល ទាំងក្នុងស្រុក និងបរទេស, ការជំរុញការចុះបញ្ជី, ការពង្រឹងអភិបាលកិច្ច ចំពោះធុរកិច្ចឌីជីថល, និងការអនុវត្តកិច្ចសម្រួល ពាណិជ្ជកម្មតាមក្របខណ្ឌច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ៕