(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការរបស់រាជរដ្ឋាភិបាល រហូតសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅជាង៤៣ពាន់លានដុល្លារអាមេរិក។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងកោតសរសើរយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣​ និងលើកទិសដៅបន្តឆ្នាំ២០២៤របស់ក្រសួងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនារសៀលថ្ងៃទី២២ ខែធ្នួ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញមុខងារជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេសនាឆ្នាំ២០២៣កន្លងទៅ ដែលជាឆ្នាំដ៏មានសារសំខាន់ក្នុងការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩។

សម្ដេចធិបតីបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០២៣ វិស័យពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅជាង៤៣ពាន់លានដុល្លារអាមេរិក ពិសេសកំណើននៃការនាំចេញធៀបនឹងការនាំចូលរបស់កម្ពុជាគឺមានគម្លាតខ្ពស់ ជាផលវិជ្ជមានសម្រាប់កម្ពុជា»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម គឺបានចូលរួមអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលចម្បងៗ ដូចជាការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្ដលសេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទដ្ឋានគតិយុត្តពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល​ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃនិងសន្តិសុខស្បៀង ដែលសមិទ្ធផលទាំងនេះបានរួមចំណែកធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ចនិងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ថ្វីដ្បិតនៅក្នុងឆ្នាំ២០២៣ជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដោយទទួលរងការជះឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្ដី តែរាជរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាពពាណិជ្ជកម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចានិងការដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗមួយចំនួន ដូចជា ១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ២-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ៣-កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ACEP ៤-កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនេះជាបង្គោលចរថ្មីមួយក្នុងការអនុវត្តគោលនយោបាយពង្រឹងទីផ្សារចាស់ពង្រីកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា អភិក្រមនេះគឺជាអភិក្រមដែលត្រូវព្យាយាមអនុវត្តឱ្យបានគ្រប់ពេលវេលា ពោលគឺត្រូវរក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ហើយពង្រីកទីផ្សារថ្មី ធានាគុណភាពទំនិញ-ផលិតផល និងភាពជឿជាក់ឱ្យបាន៕