(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវបន្ដចែកចាយព័ត៌មានពាក់ព័ន្ធទីផ្សារ និងលក្ខខណ្ឌនានា ឲ្យបានទូលាយ ទៅកាន់ផលិតករ និងអ្នកពាក់ព័ន្ធទាំងអស់។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវបន្ដផ្សព្វផ្សាយព័ត៌មាន អំពីទីផ្សារ និងលក្ខខណ្ឌនានា ទៅកាន់គ្រប់ផលិតករ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ»

លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវសហការពង្រឹង ការផលិតនូវផលិតផលក្នុងស្រុក រៀបចំយុទ្ធសាស្ដ្រ ជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្ដរជាតិ។

ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្ម ត្រូវជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្ម តាមរាជធានី-ខេត្ដ និងតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ព្រមទាំងបង្កើតសមាគមន៍តាមមុខរបរ និងផលិតផល ដើម្បីចូលរួម ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្ដទុកដាក់ នៅក្នុងការបន្ដស្រាវជ្រាវ និងចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ដ្រ, ទំនិញ និងម៉ាកសមូហភាព ឲ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាកផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុក និងនៅក្រៅប្រទេស ដោយត្រូវរៀបចំផែនការ សម្រាប់កាត់បន្ថយការចូលទំនិញពីក្រៅប្រទេស នៅពេលកម្ពុជាអាចផលិតបាន៕